ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា មកទល់ពេលនេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្តាលឲ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន១៨នាក់ របួសចំនួន៧៩នាក់ ជនភៀសសឹកជាង១៤ម៉ឺនគ្រួសារ ស្មើនឹង ជិត៤៨ម៉ឺននាក់ ក្នុងនោះស្ត្រីជាង២៤ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។ មានខេត្តមិនជាប់ព្រំដែនថៃចំនួន៥ហើយ បានទទួលជនភៀសសឹក។
បើគិតពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៨ ខែធ្នូ ផលប៉ះពាល់មានដូចខាងក្រោម៖
* ១៖ ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានពលរដ្ឋស្លាប់ និងរបួសថ្មីទេ
* ២៖ ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ខេត្តព្រះវិហារមានជនភៀសសឹក ១០,៨២៦គ្រួសារ ស្មើនឹង ៣៤,៥២១នាក់, ឧត្តរមានជ័យ ១១,៤២៦គ្រួសារ ស្មើនឹង ៣៨,១៩១នាក់, បន្ទាយមានជ័យ ៥៤,៥០២គ្រួសារ ស្មើនឹង ១៨២,៨២០នាក់, បាត់ដំបង ១២,៩៣៣គ្រួសារ ស្មើនឹង៤៦,៤៤១នាក់, ពោធិ៍សាត់ ៩០០គ្រួសារ ស្មើនឹង៣,២២១នាក់, កោះកុង ២,៣២៨គ្រួសារ ស្មើនឹង៨,៤១៣នាក់, សៀមរាប ៤១,៤៨១គ្រួសារ ស្មើនឹង១៣១,៥៥១នាក់, កំពត ៣,១២០គ្រួសារ ស្មើនឹង៩,៧៣៧នាក់, កំពង់ស្ពឺ ៨២៦គ្រួសារ ស្មើនឹង២,៩៦៧នាក់, កណ្តាល ១,៧៩១គ្រួសារ ស្មើនឹង៦,០៥៧នាក់ និងកំពង់ចាម ៤,៥៦២គ្រួសារ ស្មើនឹង១៤,១៣៧នាក់។ សរុបពីដើមគ្រាមក ជនភៀសសឹកបានកើនដល់ ១៤៤,៦៩៥គ្រួសារ ស្មើនឹង៤៧៨,០៥៦នាក់ ក្នុងនោះស្ត្រីជាង២៤ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។
* ៣៖ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ខូចខាតអគារ១ ដំបូលឃ្លាំង១ និងរថយន្ត មួយចំនួន ដោយសារកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ចំនួន៣គ្រាប់ ចូលភូមិសាស្ត្រភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជាបឋម គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ ៦៧ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន ១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ ៣ទីតាំង អគារ៤ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ចូន៥គ្រឿង ដំបូលឃ្លាំង១ ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១ កន្លែង៕




