រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថាចិននឹងបន្តដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការជួយលើកកម្ពស់ការកសាងសន្តិភាពឡើងវិញរវាងថៃ និងកម្ពុជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។
ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានរាយការណ៍ថាលោក Wang Yi ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម Prak Sokhonn និងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ។ តាម Xinhua ទាំងភាគីកម្ពុជា និងថៃ បានធ្វើការសង្ខេបខ្លីៗប្រាប់លោក Wang អំពីការវិវត្តចុងក្រោយពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយបានបង្ហាញពីឆន្ទ:ដើម្បីបន្ធូរបន្ថយភាពតានតឹង និងអនុវត្តបទឈប់បាញ់មួយ។
លោក Wang បានគូសបញ្ជាក់ថា ក្នុងនាមជាមិត្ត និងអ្នកជិតខាងជិតស្និទ្ធរបស់កម្ពុជា និងថៃ ចិនមិនចង់ឃើញភាគីទាំងសងខាងប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធនោះទេ ហើយចិនពិតជាសោកសៅយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិត និងរងរបួសនៃជនស៊ីវិលដោយសារជម្លោះ៕




