ឯកឧត្តម ចម ប្រសិទ្ធ ទទួលជួបតំណាង UNIDO ពិភាក្សាលើការងារកម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP)


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​០៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម​ ចម​ ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ បានទទួលជួបតំណាងមកពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ​ ហៅកាត់ថា UNIDO រួមមាន​លោក Steffen Kaeser ប្រធានទទួលបន្ទុកផ្នែកស្តង់ដារ ​និងកិច្ចសម្រួលពាណិជ្ជកម្ម និងលោក Karl Shebesta ប្រធានទទួលបន្ទុកផ្នែកប្រព័ន្ធម្ហូបអាហារ និងអាហារបំប៉ន ដើម្បីពិភាក្សាការងារនៅទីស្តីការក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម។

​គោលបំណងនៃជំនួបពិភាក្សា គឺតំណាងអង្គការ UNIDO បានធ្វើសេចក្តីរាយការណ៌សង្ខេបអំពីការត្រៀមរៀបចំបើកសិក្ខាសាលាស្តីពីក្របខ័ណ្ឌការងារនៃកម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP Framwork) និងចង់បានការណែនាំ និងការផ្តល់ធាតុចូលមួយចំនួនពី ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម​ ប្រសិទ្ធ ផងដែរ។
​តំណាង UNIDO បានបញ្ជាក់ថា៖ ការត្រៀមបើកសិក្ខាសាលានាថ្ងៃបន្ទាប់នេះ គឺផ្តោតជាសំខាន់ទៅលើផែនការសកម្មភាពនៃភាពជាដៃគូ សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្មពីឆ្នាំ២០១៨-២០២៣។​ ជាមួយគ្នានេះតំណាងអង្គការ UNIDO ក៏បានជម្រាបជូនពីពីគម្រោងចុះស្វែងយល់នៅតាមបណ្តាខេត្តមួយចំនួន​ដូចជា៖ ខេត្តកំពត ខេត្តព្រះសីហនុ និង​ខេត្ត សៀមរាប​ ដែលជាខេត្តមានសក្តានុពលផ្នែកទេសចរណ៌ និងឧស្សាហកម្ម។
ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ បានសម្តែងការស្វាគមន៍ និងចាត់ទុកការត្រៀមរៀបចំសិក្ខាសាលា​នៅថ្ងៃស្អែកនេះ ជាសម្មតិកម្មដ៏សំខាន់សម្រាប់ការស្វែងយល់​នូវអ្វីជាឱកាស ​និងភាពប្រឈមក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ក៏ដូចជាប្រសិទ្ធិភាពនៃការទទួល ​និងការប្រើប្រាស់ជំនួយអន្តរជាតិ​​សម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម​ប្រកបដោយចិរភាព។
ដើម្បីអោយគម្រោងកម្មវិធីអនុវត្តបានជោគជ័យតាមការរំពឹងទុក​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ បានផ្តល់អនុសាសន៍ទៅលើការកំណត់កាលបរិច្ឆេទ ច្បាស់លាស់នៃការអនុវត្តគម្រោងកម្មវិធីនីមួយៗ​ តាមរយៈការបង្កើតក្រុមការងារជំនាញដោយឡែកៗពីគ្នា ដើម្បីអនុវត្តទៅលើវិស័យជាអាទិភាព​តាមផែនការជាក់លាក់ដូចជា៖
-ការគណនាអោយឃើញនូវតម្លៃសង្វាក់ផលិតកម្ម
-គុណសម្បត្តិនៃតំបន់សេដ្ឋកិច្ចពិសេស
-ភាពចាំបាច់នៃការកាត់បន្ថយបែបបបទរដ្ឋបាលស្មុគស្មាញ
-កិច្ចសម្រួលពាណិជ្ជកម្ម
-ប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៌វិស័យឧស្សាហកម្ម និង
-តម្រូវការនៃការបង្កើតមជ្ឈមណ្ឌលវិជ្ជាជីវៈ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាព​ និងជំនាញ​អោយឆ្លើយតប​នឹងទីផ្សារការងារ។ល។​

សូមបញ្ជាក់ថា៖ កម្មវិធីសម្រាប់ភាពជាដៃគូប្រចាំប្រទេស (PCP) ជាគម្រោងកម្មវិធីថ្មីមួយរបស់អង្គការ UNIDO ដើម្បីជម្រុញអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចិរភាព​ និងបរិយាប័ន ស្របតាមគោលដៅអភិវឌ្ឍរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ​២០៣០។ គម្រោងកម្មវិធីនេះ បាននិងកំពុងអនុវត្តនៅប្រទេសចំនួន​០៣​រួមមាន​នៅប្រទេស​៖ អេត្យូពី សេណេហ្គាល និងប៉េរូ។​ ដោយឡែក​​នៅតំបន់អាសីុ អង្គការ UNIDO បានជ្រើសរើសប្រទេសកម្ពុជា​ ជាប្រទេសគំរូក្នុងការអនុវត្តកម្មវិធីនេះ​ ហើយនៅចុងខែ​វិច្ឆិកា​នេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម​ ប្រសិទ្ធ នឹងដឹកនាំប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម អញ្ជើញទៅចូលរួមសន្និសីទលើកទី១៧​ របស់អង្គការ UNIDO នៅទីក្រុង Vienna ប្រទេសអូទ្រីស ព្រមទាំងត្រៀមចុះហត្ថលេខាលើការអនុវត្តគម្រាងកម្មវិធី PCP នេះផងដែរ​។