ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ អាជ្ញាធររៀបចំជម្រកចល័ត នៅមណ្ឌលសុវត្ថិភាព ជូនប្រជាពលរដ្ឋភៀសសឹក។
តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ទៅលើសុខទុក្ខជនភៀសសឹក គឺត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីសុវត្ថិភាព និងធានាដល់ការឧបត្ថម្ភស្បៀង គ្រឿងឧបភោគ បរិភោគ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថា ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល បានរៀបចំផែនការត្រៀម និងឆ្លើយចំពោះសភាពការណ៍ដែលមិនមានភាពច្បាស់លាស់ ក្នុងពេលដែលយោធាថៃ បន្តវាយប្រហារឈ្លានពានកម្ពុជានោះ, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំជម្រកចល័តនៅមណ្ឌលសុវត្ថិភាព ដែលជម្រកចល័តនេះ ស្ថិតក្នុងផែនការឆ្លើយតប ចំពោះកំណើនជនភៀសសឹក។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ការរៀបចំជម្រកចល័តនេះ នឹងអាចទទួលជនភៀសសឹកច្រើនគ្រួសារ ដែលអាចការពារពីអាកាសធាតុ ក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹក ដែលមានសមាជិកគ្រួសារច្រើនផងដែរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែងតែដល់ផ្តល់អនុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌលសុវត្ថិភាព ដែលជាជម្រកសំខាន់ដោះស្រាយក្នុងគ្រា ដែលប្រជាពលរដ្ឋស្លូតត្រង់តាមបណ្តោយព្រំដែន ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។
ឯកឧត្តមទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ទន្ទឹមនឹងកំណើននៃការជម្លៀសតាមបណ្តោយព្រំដែនបន្តកើនឡើង, រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងដោះស្រាយ និងរៀបចំយ៉ាងយកចិត្តទុកដាក់ជូនជនភៀសសឹក ដើម្បីឱ្យប្រជាពលរដ្ឋមានទីតាំងស្នាក់នៅបណ្តោះអាសន្នមួយ ប្រកបដោយសុវត្ថិភាព និងទទួលបានស្បៀងគ្រប់គ្រាន់។
បន្ទាប់ពីចុះពិនិត្យរៀបចំជម្រកចល័ត, ឯកឧត្តមទេសរដ្ឋមន្រ្តី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក សូមស្ដាប់ការណែនាំរបស់អាជ្ញាធរ និងត្រូវជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ដំណាក់កាល និងគ្រប់កាលៈទេសៈ៕











