ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់សប្បុរសជននានា ដើម្បីយកទៅឧបត្ថម្ភ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកកម្ពុជា


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ សប្បុរសជននានា ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានឈ្លានពានសៀម។

សូមជម្រាបផងដែរថា អំណោយដែលទទួលបានពី សប្បុរសជននានា ក្នុងការចូលរួមមូលនិធិសប្បុរសធម៌នាព្រឹកនេះ រួមមាន៖
១៖ លោកឧកញ៉ា លាង ហ៊ី អគ្គនាយក ក្រុមហ៊ុន ឃូ អ៊ិនវេសម៉ិន ខូអិលធីឌី និងលោកជំទាវ បានចូលរួមឧបត្ថម្ភថវិកា ៥ ០០០ ដុល្លាអាមេរិក។
២៖ លោកស្រីនាយិកាក្រុមហ៊ុន CHAVON HOSPITALITY ដែលបានចូលរួមឧបត្ថម្ភសម្ភារប្រើប្រាស់ដូចជា មុង (២០០) កន្ទេល (២០០) ភួយ (២០០) ថ្នាំពេទ្យ (២០០កញ្ចប់) មីលឿង (៥កេស) ថ្នាំដុសធ្មេញ (២០០ប្រអប់) សាប៊ូម្សៅ (២០០កញ្ចប់) ធូបមូស (២០០ដុំ) និង សារ៉ុងនិងក្រមា (២០០)។
៣៖ លោក ម៉ាក ហល នាយកប្រចាំប្រទេស អង្គការអភិវឌ្ឍន៍ធនធានអន្ដរជាតិ (RDI) ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ មានដូចជា អង្ករ (២តោន) ម៉ាស់ (៥កេស) ទឹកសុទ្ធ (២០កេស) និងទឹកត្រី (១០យួរ) ទឹកស៊ីអ៊ីវ (១០យួរ)។

ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងនូវអំណរយ៉ាងជ្រាលជ្រៅជូន លោកឧញ្ញា និងលោកជំទាវ ព្រមទាំងសប្បុរសជនទាំងអស់ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌ ដែលជាការរួបរួមសាមគ្គីជាធ្លុងមួយយ៉ាងរឹងមាំក្នុងស្មារតីខ្មែរតែមួយ សម្រាប់ជួយសម្រួលការលំបាករបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក ក្នុងគ្រាលំបាកដែលបណ្តាលមកពីសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែលអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម មិនឱ្យបាត់បង់សូម្បីតែ ១មីលីម៉ែត្រ៕