ក្រុមការងារយុវជន និងសហគមន៍ខ្មែររស់នៅរដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក នាំយកគ្រឿងឧបភោគបរិភោគជូនវីរកងទ័ពជួរមុខ តាមរយៈមេបញ្ជារការកងពលតូចលេខ៧០


តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ព្រមទាំងទទួលបានការឯកភាពពី ឯកឧត្តម ម៉ឹង ពន្លក ប្រធានក្រុមការងារ ទទួលបន្ទុកសហរដ្ឋអាមេរិក ឯកឧត្តម ស សេរីវិចិត្រ ប្រធានតំបន់ឆ្នេរខាងលិច ឯកឧត្តម ចៅ ពលៈ អនុប្រធានទទួលជួយកិច្ចការងាររដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក, នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុករដ្ឋនីវ៉ាដា ក្នុងតំបន់ឆ្នេរខាងលិច នៅសហរដ្ឋអាមេរិក ប្រជាពលរដ្ឋខ្មែររស់នៅរដ្ឋនីវ៉ាដា បាននាំយកនូវស្បៀងអាហារឆ្អិនស្រាប់ និងសម្ភារៈចាំបាច់មួយចំនួន សរុបជាថវិកាប្រមាណ ១១០ ០០០ ០០០ រៀល ជូនវីរកងទ័ពឈរជើងនៅជួរមុខ និងកងដឹកជញ្ចូនតាមរយៈ មេបញ្ជារការកងពលតូចលេខ៧០។

ស្បៀងអាហារឆ្អិនស្រាប់ និងសម្ភារៈចាំបាច់ រួមមាន៖ ត្រីងៀត១១៣គីឡូក្រាម អំបុកលីង៥កេសធំ សាច់ក្រក៥កេសធំ សាច់ក្រក១០០គីឡូក្រាម សាច់ជ្រូក១០០ក្រឡ កាពិផាវ១០០ក្រឡ មី៤០០កេស ឆៃ​ពៅ១០០គីឡូក្រាម ត្រីខ១០០០កំប៉ុង បាយក្តាំង១០០កញ្ចប់ ទឹកសុទ្ធដបធំ៤០០កេស ភេសជ្ជៈប៉ូវកម្លាំងចម្រុះ៣០០កេស ទឹកត្រី១០០យួរ ទឹកស៊ីអ៉ីវ១០០យួរ សៀង១០០គីឡូក្រាម នំគ្រប់ប្រភេទ ២០០កេស បារីជិត៤០០សុង ពងទា២០០០គ្រាប់ ពងទាឆ្អិន២០០គ្រាប់ សម្បកបាវ៦០គីឡូក្រាម សាប៊ូ១០កេស ក្រមា៥កេស និង ថវិកា ១០ ០០០ ០០០ រៀល។

ថវិកាសប្បុរសធម៌នេះបានមកពីក្រុមការងារយុវជន ដឹកនាំដោយ ឯកឧត្តម ប៉ោ សួន និងសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុងឡាសវេហ្គាស រដ្ឋនីវ៉ាដា សហរដ្ឋអាមេរិក តំណាងដោយលោក សុខិណា ខេននី ហ៊ុច។

មេបញ្ជារការកងពលតូចលេខ៧០ បានថ្លែងអំណរគុណ និងបណ្ដាំសាកសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកងទ័ព។ ក្រុមការងារយុវជននិងសហគមន៍ខ្មែរនៅឯនាយសមុទ្រ សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធទាំងអស់ក្នុងលោក បីបាច់ថែរក្សាជូនវីរកងទ័ពយើងសូមមានសុខភាពល្អ និងយកជ័យជន្នះគ្រប់សមរភូមិលើកងទ័ពសៀមឈ្លានពានកុំបីខាន៕