ក្រសួងសេដ្ឋកិច្ច ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈចំនួន៦ ដល់គ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម ​ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈចំនួន៦ ជូនដល់គ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម ឱ្យបានយល់កាន់តែច្បាស់ និងស៊ីជម្រៅលើខ្លឹមសារក្នុងលិខិតបទដ្ឋានគតិយុត្ត ដែលរាជរដ្ឋាភិបាលទើបនឹងអនុម័តថ្មីៗ​ និងយកទៅអនុវត្តឱ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សិក្ខាសាលានេះដឹកនាំដោយ ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមានការ​ចូលរួមពីតំណាងក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរជំនាញរាជធានី ខេត្ត ព្រមទាំង អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការចូលរួមផ្ទាល់នៅសណ្ឋាគារសុខាភ្នំពេញ និងចូលរួមតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់កម្មវិធី Zoom សរុបប្រមាណ ១ ៣៥៩នាក់។

​លិខិតបទដ្ឋានទាំង៦​ ​ក្នុងនោះមាន អនុក្រឹត្យចំនួន២ និងប្រកាសចំនួន៤ រួមមាន៖​

១. អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម
២. អនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការប្តឹង និងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម
៣. ប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមលទ្ធកម្ម
៤. ប្រកាសស្តីពីការគ្រប់គ្រងការអនុវត្តកិច្ចសន្យាលទ្ធកម្ម
៥. ប្រកាសស្តីពីប្រាក់កក់ធានាការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា និង
៦. ប្រកាសស្តីពីការតែងតាំង សមាសភាពគណៈកម្មាធិការ ដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម។

ឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានធ្វើរបាយការណ៍សង្ខេបជូនអង្គសិក្ខាសាលាបន្ថែមថា ក្នុងឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំធ្វើបច្ចុប្បន្នកម្មរួចរាល់ នូវលិខិតបទដ្ឋានគតិយុត្តចំនួន៦។ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានដាក់ប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងក៏ដូចជាប្រជុំអន្តរអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាច្រើនលើក។ ជាលទ្ធផលដូចការរំពឹងទុក អនុក្រឹត្យចំនួន២ ត្រូវបានរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ និងប្រកាសចំនួន ៤ ត្រូវបានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអនុម័តកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​មានប្រសាសន៍ថា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ក្នុងនាមជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានខិតខំប្រឹងប្រែងរៀបចំកែសម្រួលបំពេញបន្ថែម ក៏ដូចជារៀបចំថ្មីនូវលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ស្តីពីលទ្ធកម្មសាធារណៈឱ្យកាន់តែពេញលេញ និងមានប្រសិទ្ធភាពខ្ពស់។

​ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះ​អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងសហការី ដែលបានខិតខំប្រឹងប្រែងរៀបចំលិខិតបទដ្ឋានគតិយុត្តទាំង៦ និងបានរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយផ្សព្វផ្សាយ នាព្រឹកនេះប្រកបដោយជោគជ័យ៕