ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែប


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមទូរសព្ទជាមួយ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយបានឯកភាពពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការវិវឌ្ឍថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕