ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីក្រសួង តំណាងនិយោជក សហគ្រាស ក្រុមហ៊ុន រោងចក្រ និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារ និងគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ក្រុមគ្រួសារកងទ័ព និងវីរកងទ័ព នៅក្នុងខេត្តបន្ទាយមានជ័យ។
អំណោយទាំងនេះ ត្រូវបានប្រគល់ជូនឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលយើងរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយ ខណៈដែលខេត្តជាប់ព្រំដែនត្រូវប្រឈមការដោះស្រាយជូនប្រជាពលរដ្ឋជនភៀសសឹកនៅតាមព្រំដែន និងក្រុមគ្រួសារកងទ័ព។
តាមរយៈម្ចាស់ជំនួយពីបណ្ដាសហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបានស្រឡាញ់ជាតិមាតុភូមិ សមរភូមិក្រោយ បាននិងកំពុងប្តេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីគាំទ្រសមរភូមិមុខ។ លោក ហេង សួរ បានថ្លែងថា សកម្មភាពនេះបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្ត ឯកឧត្តម ឌិត ទីណា និងឯកឧត្តម អ៊ុំ រាត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ។ លោកបានបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំទីជម្រក អាហារ ទឹកស្អាត សេវាសុខាភិបាល និងការថែទាំចាំបាច់ ដើម្បីឱ្យបងប្អូនអាចរស់នៅទីនេះដោយសុវត្ថិភាព។
សូមជម្រាបដែរថា អំណោយដែលបានប្រគល់ជូននាពេលនេះ រួមមាន៖ រថយន្ត Pick-up ចំនួន ១ គ្រឿង, ថវិកាចំនួន ៤០,០០០,០០០ រៀល, អង្ករចំនួន ៣ តោន, ត្រីងៀតចំនួន ១ តោន, សាច់គោងៀតចំនួន ១ តោន, សាច់ក្រកចំនួន ១ តោន, ខ្ទឹមសចំនួន ៥ តោន, បារីសេកចំនួន ១,០០០ សុង, ទឹកក្រូច Pepsi 330ml ចំនួន ១,០០០ កេស, ទឹកក្រូច Cambodia Cola 330ml ចំនួន ១,០០០ កេស, តង់ (4m x 6m) ចំនួន ៣០០ តង់, ម៉ាសចំនួន ២០,០០០, អាវដៃវែង និងអាវដៃខ្លី (ប្រុស/ស្រី) និងខោខ្លី (ស្រី) ចំនួន ១,៥០០, ទឹកផ្លែឈើចិនចំនួន ៥៥ កេស, មីចិនចំនួន ៨៣ កេស, ស្ពៃក្តោបចំនួន ២ ថង់ធំ, ខ្ទឹមបារាំងចំនួន ២ បាវ, ដំឡូងចំនួន ១ បាវ, នំផ្អែមសាំងវិច ១ កេស = ១៨០ កញ្ចប់, នំស្នេហាជាតិ ១ កេស = ៣០ នំ និងនំរាជនី ១ កេស = ១២០ កញ្ចប់៕








