គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយនៃព្រឹទ្ធសភា នៅព្រឹកថ្ងៃអាទិត្យទី២១ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការសម្របសម្រួលដោយឯកឧត្តម សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បានសហការទទួលជំនួយមនុស្សធម៌លើកទី១៥ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS)នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូ ដែលផ្តល់មក ព្រឹទ្ធសភាកម្ពុជា តាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នា រវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយព្រឹទ្ធសភានៃកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ។
អង្គការក្រៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) បានសហការជាមួយ លោកឧកញ៉ា សុខ សីលា,ភេសជ្ជៈយ៉ិនសិនកូរ៉េអាឈីម៉ាដាំង(Achimmdang Red Ginseng), E-School Cambodia, OKTA ភ្នំពេញ, មជ្ឈមណ្ឌល PGCT, ក្រុមហ៊ុនមេធាវី C.K. ការិយាល័យមេធាវី One Asia Law Firm, ធនាគារ KB Daehan Specialized Bank Plc និងប្រធាន, Nextgen Leaders Network, Global Cambodia Technology Maintenance Company(GCTMC), Rapha Clinic បានផ្តល់ការបរិច្ចាគនូវថ្នាំពេទ្យ, សម្ភារវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារជួយសង្គ្រោះផ្សេងៗ ដែលមានតម្លៃប្រមា ណ ជាង ពីរលាន ប្រាំមួយសែនដុល្លារសហរដ្ឋអាមេរិក តាមរយៈព្រឹទ្ធសភាកម្ពុជា។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) បានចុះហត្ថលេខាលើដំបូងលើអនុ-ស្ស រណៈ នៃការយោគយល់គ្នា (MOU) រយៈពេល ៥ឆ្នាំ ជាមួយនឹងគណៈកម្មការទី១០ ព្រឹទ្ធ សភា កម្ពុជាក្នុងឆ្នាំ២០២២ ដោយមានចំនួនទឹកប្រាក់ស្មើនឹង ១០លានដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់មកក្នុងឆ្នាំ២០២៤ អនុស្សរណៈនេះត្រូវបានពង្រីក និងបន្តថែមឡើងចំនួន ០៥ឆ្នាំទៀត ដែលមានទឹកប្រាក់សរុបចំនួន ៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងកិច្ចបង្កើនការសហការទ្វេភាគី។
មកដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) បានផ្តល់ជំនួយមនុស្សធម៌មកកាន់កម្ពុជាបានចំនួន ១៥ លើករួចហើយ។ ជំនួយមនុស្សធម៌លើកទី១៥នេះ នឹងចូលរួមលើកកម្ពស់សុខុមាលភាពវីរៈយុទ្ធជនការពារព្រំដែន ជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ និងប្រជាជនងាយរងគ្រោះនៅកម្ពុជា។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) សាខាកម្ពុជា មានទីតាំងនៅក្នុងមជ្ឈ- ម ណ្ឌល PGCT បានដើរតួនាទីដ៏សំខាន់ក្នុងការគាំទ្រសកម្មភាពរបស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) ដឹកនាំដោយ ឯកឧត្តម MIN BYOUN JANG ជានាយកសាខា ក្នុងការធានាបាននូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ជាពិសេស ការបរិច្ចាគលើកទី១៥នេះ ពិតជាមានសារៈសំខាន់បំផុត ដើម្បីជួយដល់ជនភៀសសឹកតាមតំបន់ព្រំដែន ដោយបានរៀបចំឡើងតាមរយៈការរួមចំណែករបស់អង្គការជាដៃគូសហការ និង ក្រុមហ៊ុនជាច្រើន។
កិច្ចសហការនេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគំរូដ៏សំខាន់នៃសាមគ្គី ភាព និងមិត្តភាព រវាងសង្គមស៊ីវិលនៃសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដែលមានការរំពឹងថា នឹងបន្តមានការសហការ និងការគាំទ្រនាពេលអនាគតបន្តទៅទៀត។















