ក្នុងស្មារតីមនុស្សធម៌ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងលោក លោកស្រី អនុប្រធាន ហិរញ្ញិក លេខាធិការ សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមជាមួយអនុសាខាស្រុក និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ឃីតមនុស្សធម៌ ជូនដល់បងប្អូនភៀសសឹក ដែលផ្តោតលើជនចាស់ជរា ជនពិការ ស្រ្តីមានផ្ទៃពោះ និងកូនតូចចំនួន ១៩៥គ្រួសារ ស្ថិតនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ឯកឧត្តម ថង សាវុន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត នៅក្នុងស្ថានភាព ដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង ដែលបង្ខំឲ្យបងប្អូន ជម្លៀសចេញពីផ្ទះសំបែង គេចចេញពីតំបន់គ្រាប់កាំភ្លើងរបស់កងទ័ពឈ្លានពានថៃ មកស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងសុវត្ថិភាពផ្សេងៗ។ ទាំងនេះបង្ហាញឱ្យឃើញ ពីក្តីកង្វល់របស់កាកបាទក្រហមកម្ពុជា ដែលតែងតែបានណែនាំ ដល់សាខាគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋភៀសសឹកឱ្យទាន់ពេលវេលា ដោយមិនរើសអើង។
ឯកឧត្តមបានក្រើនរំលឹកដល់បងប្អូនទាំងអស់ សូមចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងត្រូវចេះគោរពស្រឡាញ់គ្នា ក្នុងគ្រាលំបាកនេះ មានសាមគ្គីភាពល្អ ចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមរស់ជាមួយគ្នាបានសុខសុវត្ថិភាព ក្នុងទីតាំងមណ្ឌលសុវត្ថិភាពនេះ ជាពិសេស បងប្អូនត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដើម្បីបង្ការទប់ស្កាត់ ការពារការឆ្លង នៃជម្ងឺរាតត្បាតនានា។
ឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ សូមមានជំនឿចិត្តលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល និងទឹកចិត្តដ៏អង់អាចក្លាហាន របស់វីរកងទ័ពយើងក្នុងបុព្វហេតុជាតិមាតុភូមិ និងការការពារបូរណភាពទឹកដី ពីចោរឈ្លានពាន។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១៩៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ១០គីឡូក្រាម មី ១កេស, ត្រីខកំប៉ុង ១យួរ, ឃីតចម្រុះ ១ឃីត, ទឹកសុទ្ធ ១យួរ និងថវិកាមួយចំនួនដោយឡែកសម្រាប់ស្ត្រីមានផ្ទៃពោះទទួលបានឃីតទារកចំនួន ១ឃីតបន្ថែមក្នុងមួយគ្រួសារ៕









