ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៦ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវ


នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៦ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវ។

សម្រាប់ផ្លូវជនបទចំនួន ៦ខ្សែ ដូចខាងក្រោម៖

ខ្សែទី១៖ (KP3) ឈ្មោះផ្លូវ វត្តស្ទឹងឆ្មា(NR3)-ស្រែចែង(NR41) ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,០៩.គ.ម ទទឹង ៧ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំក្រាំងស្នាយ ឃុំជ្រេស ឃុំស្រែសំរោង និងឃុំស្រែ ក្នុងស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត ដោយមានអ្នកទទួលផលសរុបចំនួន ៣២ ៥៦៦នាក់។

ខ្សែទី២៖ (KP1) ឈ្មោះផ្លូវ ឈូក-ច្រកសៀម ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,៣៨.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺ ឃុំដំបូកខ្ពស់ ឃុំក្រាំងស្បូវ ឃុំបានៀវ និងឃុំសត្វពង ក្នុងស្រុកឈូក និងស្រុកអង្គរជ័យ ខេត្តកំពត ដោយមានអ្នកទទួលផលសរុបចំនួន ៣៤ ២៧៩នាក់ ។

ខ្សែទី៣៖ (KP2) ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១៣,២១.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺ ឃុំទូកមាសខាងលិច ឃុំទូកមាសខាងកើត ឃុំបន្ទាយមាសខាងលិច និងឃុំបន្ទាយមាសខាងកើត ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានអ្នកទទួលផលសរុបចំនួន ៣៤ ៥៦០នាក់។

ខ្សែទី៤៖ (TK3) ឈ្មោះផ្លូវ អូរអន្សា-ហាន់ទា ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៣៥.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺ ឃុំកំពែង និងឃុំគោកព្រិច ក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដោយមានអ្នកទទួលផលសរុបចំនួន ៧ ៨៣៨នាក់។

ខ្សែទី៥៖ (TK៤) ឈ្មោះផ្លូវ ផ្លូវជាតិលេខ២-ធ្លាជ្រុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៨៩.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ គឺ ឃុំពេជសារ ឃុំព្រៃខ្លា និងឃុំក្រពុំឈូក ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយមានអ្នកទទួលផលសរុបចំនួន ៨ ២៥៣នាក់។

ខ្សែទី៦៖ (TK៥) ឈ្មោះផ្លូវ ធ្លាជ្រុំ-ភូមិរូង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ គឺ ឃុំធ្លាប្រជុំ ឃុំធ្លក និងឃុំសំបូរ ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយមានអ្នកទទួលផលសរុបចំនួន ៦ ៥៥១នាក់។

សូមជម្រាបជូនដែរថា ខ្សែផ្លូវទាំង ៦ខ្សែខាងលើ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី EDCF។

ក្នុងឱកាសពិនិត្យគុណភាពផ្លូវទាំងនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ដ្រីបច្ចេកទេសឱ្យជួសជុល កែតម្រូវឡើងវិញចំពោះខ្សែផ្លូវខ្លះដែលរងការខូចខាតធ្ងន់ធ្ងរ និងដាក់ចូលក្នុងគម្រោងថែទាំប្រចាំ ដើម្បីទទួលបាននិងគុណភាពរឹងមាំ និងមានសោភណភាព សុវត្ថិភាព សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយប្រើប្រាស់បានយូរអង្វែង ៕