អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទំនប់តំបន់ ក្នុងស្រុកជើងព្រៃ


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងមន្ត្រី មន្ទីរនអង្គភាពជំនាញ រួមជាមួយអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យ ស្ថានភាពទំនប់តំបន់ ស្តិតនៅក្នុងឃុំព្រៃចារ ស្រុកជើងព្រៃ។

បើតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា ទំនប់អាងទឹកតំបន់ គឺបានធ្វើការជួសជុលកែលម្អឡើងវិញ នៅចុងខែមីនា ឆ្នាំ២០២០ តាមសំណើររបស់រដ្ឋបាលខេត្តកំពង់ចាម ដោយធ្វើការជួសជុលទំនប់អាងទឹកតំបន់ និងជួសជុលសំណង់សិល្បការរួមមាន៖

ការជួសជុលទំនប់អាងទឹកប្រវែង ៣.៩០០ម៉ែត្រ និងទ្វារទឹកចំនួន ០៣កន្លែង ហើយទំនប់អាងទឹកតំបន់ អាចរក្សាទឹកទុកបានចំនួន ១២លានម៉ែត្រត្រីគុណ សម្រាប់ស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សា ៤៥២ហិចតា ស្រូវប្រាំង១.២៥០ហិចតា និងដំណាំរួមផ្សំ ៤០ហិចតា របស់ប្រជាពលរដ្ឋ ចំនួន១០ភូមិ ក្នុងឃុំសំរោង ស្រុកព្រៃឈរ និងឃុំព្រៃចារ ស្រុកជើងព្រៃ ចំនួន៣.២១៣គ្រួសារ ដែលបានពឹងអាស្រ័យលើអាងតំបន់នេះ៕