បង់ក្លាដែស បានបង្ហាញឆន្ទៈក្នុងការកៀរគរអ្នកវិនិយោគ ឲ្យមកវិនិយោគលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មកម្ពុជា និងសន្យាផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម។
ការលើកឡើងយ៉ាងដូច្នេះត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Md.Nazrul Islam អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការទេ្វភាគី និងជាអគ្គាធិការទទួលបន្ទុកស្ថានបេសកកម្ម នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានជម្រាបជូនគណៈប្រតិភូបង់ក្លាដែសអំពីវឌ្ឍនភាពនៃសហគមន៍ឥស្លាមកម្ពុជា និងបានលើកឡើងអំពីសក្តានុពល វិស័យកសិកម្មរបស់កម្ពុជា ពិសេសវិស័យស្រូវអង្ករ ដោយកម្ពុជាអាចផលិតស្រូវបានជិត១៦ លានតោនក្នុងមួយឆ្នាំ ប៉ុន្តែកម្ពុជានៅមានកង្វះខាតរោងចក្រកែច្នៃ ដូច្នេះលោកបានស្នើឲ្យភាគីបង់ក្លាដែស ពិនិត្យលទ្ធភាពក្នុងការកៀរគរអ្នកវិនិយោគ មកវិនិយោគលើវិស័យស្រូវអង្ករនៅកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជា មានច្បាប់អនុគ្រោះជាច្រើនសម្រាប់អ្នកវិនិយោគបរទេស។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានលើកឡើងពីសក្តានុពលគ្រាប់ស្វាយចន្ទី ដែលក្នុង១ឆ្នាំៗ កម្ពុជាអាចផលិតបានប្រមានជាង ១លានតោន ដោយមានគុណភាពខ្ពស់ ប៉ុន្តែនៅមានកង្វះខាតផ្នែកវេចខ្ចប់សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ ដូច្នេះលោកបានស្នើឲ្យជួយស្នើកៀរគរវិនិយោគិន មកបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងស្នើឲ្យជួយគាំទ្រ វិនិយោគលើវិស័យឧស្សាហកម្មហាឡាលនៅកម្ពុជា សម្រាប់បំពេញតម្រូវការក្នុងស្រុក ព្រមទាំងនាំចេញទៅបណ្តាប្រទេសមជ្ឈិមបូព៌ា និងបែកអឺរ៉ុប។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលបង់ក្លាដែស ដែលកន្លងមកតែងតែគាំទ្រកម្ពុជា ឲ្យក្លាយជាសមាជិកសង្កេតការណ៍នៅអង្គការសហប្រតិបត្តិការឥស្លាម (OIC)។
ជាការឆ្លើយតប លោកបណ្ឌិត Md.Nazrul Islam បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកបំពេញបេសកកម្មជាលើកដំបូងមកកាន់កម្ពុជា និងបានជម្រាបថា នៅឆ្នាំ២០២៦ បង់ក្លាដែស គ្រោងនឹងបើកស្ថានទូតនៅកម្ពុជា។ ទន្ទឹមគ្នានេះដែរ លោកបានសន្យាថា នឹងខិតខំកៀរគរអ្នកវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីវិនិយោគលើដំណាំស្វាយចន្ទី វិស័យស្រូវ អង្ករ និងសុខាភិបាល។
បន្ថែមពីនេះ លោកក៏បានសន្យាផ្តល់ អាហារូបករណ៍ ដល់និស្សិតខ្មែរឥស្លាមឲ្យបានកាន់តែច្រើនបន្ថែមទៀតនៅពេលអនាគត ដើម្បីសិក្សាលើជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ។
សូមជម្រាបថា សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស គឺជាប្រទេសដែលមានប្រជាជនមូស្លីមលំដាប់ទី៤ នៅលើពិភពលោក (បន្ទាប់ពីឥណ្ឌូនេស៊ី ប៉ាគីស្ថាន និងឥណ្ឌា) និងមានប្រជាជនសរុបប្រមាណជាង១៧៥លាននាក់។ សេដ្ឋកិច្ចសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ពឹងផ្អែកលើវិស័យឧស្សាហកម្មកាត់ដេរ ការផ្ញើប្រាក់ពីក្រៅប្រទេស កសិកម្ម វិស័យសេវាកម្ម និងបច្ចេកវិទ្យា និងការផលិតឱសថ៕














