នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារអញ្ជើញចុះសំណេះសំណាលជាមួយកម្មករ និយោជិក នៅក្រុមហ៊ុនកាត់ដេរ ឡូធើប៊ើរី ហ្គាមិន (Lowtherberry Garment) និងបានចុះពិនិត្យទីតាំងក្រុមធ្វើអត្តសញ្ញាណកម្ម ធ្វើអត្តសញ្ញាណប័ណ្ណ ចំពោះទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់ ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អំពីសុខទុក្ខ ការងារប្រចាំថ្ងៃរបស់កម្មករស្របតាមលក្ខខណ្ឌការងារ ព្រមទាំងជីវភាពរស់នៅប្រចាំថ្ងៃផង។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីជំនាញអត្តសញ្ញាណកម្ម ឲ្យចុះមកផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់កម្មករ-កម្មការិនីដល់ក្នុងរោងចក្រផ្ទាល់ ដើម្បីបង្កលក្ខណៈងាយស្រួល ចំណេញពេលវេលា និងធានាថាគ្រប់គ្នាមានឯកសារផ្លូវការប្រើប្រាស់ស្របតាមច្បាប់។
ឯកឧត្តមអភិបាលខេត្ត លើកឡើងដោយបានជំរុញឲ្យម្ចាស់សហគ្រាស និងកម្មករ បន្តរក្សាទំនាក់ទំនងល្អ ដើម្បីបង្កើនផលិតភាព និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់រោងចក្រ។ សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការគិតគូរពីផលប្រយោជន៍ និងការផ្តល់សេវាសាធារណៈឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ ជាពិសេសកម្មករដែលជាកម្លាំងចលករសេដ្ឋកិច្ចដ៏សំខាន់។
ទន្ទឹមនឹងការចុះសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់មានការងារធ្វើ ឲ្យមកដាក់ពាក្យបម្រើការងារ ខណៈដែលរោងចក្រក្នុងតំបន់នេះ នៅតែត្រូវការជ្រើសរើសកម្មករជាច្រើននាក់បន្ថែមទៀត៕










