ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់


(ភ្នំពេញ) ៖ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម​ ចម ​ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

​មានប្រសាសន៍បើកអង្គប្រជុំ​ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម​ ប្រសិទ្ធ បានបញ្ជាក់ថា៖ ការគ្រប់គ្រងទំនិញគ្រោះថ្នាក់របស់កម្ពុជាយើងនាពេលបច្ចុប្បន្ននៅមានកំរិត មិនទាន់ធានាបាននូវកិច្ចការពារសុវត្ថិភាពអោយបានខ្ពស់នៅឡើយ។ ជាក់ស្តែងនៅតាមប្រទេសក្នុងតំបន់មួយចំនួន​រួមទាំងកម្ពុជាផង​ ធ្លាប់បានប្រឈម និងរងគ្រោះ ទាក់ទង​នឹងទំនិញគ្រោះថ្នាក់នេះផងដែរ ដូចជា៖
-ករណីផ្ទុះឆេះឃ្លាំងស្តុកសារធាតុគីមី នៅទីក្រុងធានជីន នៃប្រទេសចិន
-ករណីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រគ្រប់គ្រងកាកសំណល់គីមីនៅក្នុងប្រទេសសឹង្ហបុរី
-គ្រោះថ្នាក់ក្រឡាប់រថយន្តដឹកប្រេងឥន្ធនៈនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងខេត្តកំពង់ស្ពឺ
-គ្រោះថ្នាក់រថយន្តដឹកផាវផ្ទុះឆេះស្លាប់មនុស្សពីរនាក់នៅខេត្តបន្ទាយមានជ័យ
-រួមទាំងគ្រោះ មហន្តរាយនៅទីតាំដ៏ទៃទៀតលើពិភពលោក ដែលពាក់ព័ន្ធដល់ការផលិត ការដឹកជញ្ជូន ការនាំចូល ការនាំចេញ ការស្តុកទុក ការប្រើប្រាស់ទំនិញគ្រោះថ្នាក់ និងសារធាតុគ្រោះថ្នាក់ជាដើម។

​ឯកឧត្តមទេសរដ្ឋមន្ត្រី​ ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ថា៖ ការធ្វើសេចក្តីព្រាងច្បាប់នះ មិនមានបំណង ទាញយកដែនសមត្ថកិច្ចក្រសួង-ស្ថាប័នដទៃមកគ្រប់គ្រងទេ។ ​ប៉ុន្តែ សេចក្តីព្រាងច្បាប់នះ បានដើរតួជាអ្នកសម្របសម្រួល​ មានក្បាលម៉ាសីុនគ្រប់គ្រងច្បាស់លាស់ ធ្វើយ៉ាងណាកុំអោយមានឧប្បតវហេតុកើតឡើងហើយគ្មានស្ថាប័នណាមួយចេញមុខទទួលខុសត្រូវ រឺរុញការទទួលខុសត្រូវដាក់គ្នា។ ម៉្យាងច្បាប់នេះ ក្រៅពីដើតួរជាអ្នកសម្របសម្រួលហើយ នៅមានយន្តការបន្ថែមដ៏ទៃទៀត​ដូចជា៖
-ការប្រមូលទិន្នន័យ
-ការផ្តល់ព័ត៌មានអោយគ្នាទៅវិញ ទៅមក និង
-យន្តការសហការគ្រប់គ្រង​ ទប់ស្កាត់ និងប្រើប្រាស់នីតិវិធី បច្ចេកទេសនានា ដើម្បីដោះស្រាយពេលមានគ្រោះមហន្តរាយកើតឡើង។
នេះជាការគិតគូរខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច បានចុះហត្ថលេខា រួចហើយ លើសេចក្តីសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងគ្រប់គ្រង និងត្រួតពិនិត្យគ្រោះថ្នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ជំហរចុងក្រាយថា៖ ដើម្បីអោយច្បាប់នេះ ដែលមាន ០៨​ជំពូក និង៩២ មាត្រា អនុវត្តទៅមានភាពរលូន និងប្រសិទ្ធិភាពខ្ពស់នោះ ការពិនិត្យកែសម្រួលលើសេចក្តីព្រាងច្បាប់នាថ្ងៃនេះ លុះត្រាតែតំណាងអន្តរក្រសួងទាំងអស់មានការឯកភាពជាធ្លុងមួយ។ ដូច្នេះ ឯកឧត្តមទេស រដ្ឋមន្ត្រី បានស្នើដល់សមាជិកអង្គប្រជុំទាំងអស់ យកសេចក្តីព្រាងច្បាប់នេះពិនិត្យឡើងវិញ និងបញ្ជាក់ជំហរចុងក្រោយពីប្រធានស្ថាប័ននីមួយៗ​ តើគួរកែសម្រួលចំណុចកន្លែងណា និងតើគាំទ្រអោយបង្កើតច្បាប់នេះដែររឺទេ? ក្នុងរយៈពេលពីរសប្តាហ៍ក្រោយ ដើម្បីយើងអាចធ្វើសំយោគមតិជាចុងក្រោយ។

​សូមបញ្ជាក់ថា៖ ក្នុងមាត្រា២ នៃច្បាប់នេះ បានបញ្ជាក់ថា៖ ច្បាប់នេះមានគោលដៅកំណត់អំពីយន្តការ និងវិធានការសម្រាប់ការគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះថ្នាក់​ ដែលអាចបង្កមហន្តរាយដល់មនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ​សង្គម និង រឺ សកម្មភាពពាក់ព័ន្ធទាំងឡាយ​ដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកក្នុងមាត្រា៨៨ បានកំណត់ថា៖ ក្នុងករណីដែលច្បាប់ផ្សេងទៀត មានបទប្បញ្ញត្តិ និងការគ្រប់គ្រងទំនិញគ្រោះថ្នាក់រួចហើយ បទប្បញ្ញត្តិទាំងនោះត្រូវនៅជាធរមាន ​លើកលែងតែបទប្បញ្ញត្តិទាំងឡាយណា ដែលមិនមានចែងនៅក្នុងច្បាប់នោះ ត្រូវយកមកអនុវត្តបំពេញបន្ថែម។