ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានអញ្ជើញដឹកនាំគណៈគណៈប្រតិភូក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព យុទ្ធជន លោកអនុសេនីយ៍ត្រី ហែន ភីណា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នាឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
លោកអនុសេនីយ៍ត្រី ហែន ភីណា ជាវីរកងទ័ពដែលឈរជើងនៅកងពលតូចលេខ៩ ក្នុងវីរសេនាតូច៣៩៤ ឈរជើងប្រចាំទិសមុំបី ខេត្តព្រះវិហារ បានធ្វើការពលីក្នុងសមរភូមិដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពីសត្រូវឈ្លានពានទឹកដី ដែលឈរជើងប្រចាំទិសមុំបី ខេត្តព្រះវិហារ នៅថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥។
លោកប្រធានក្រុមការងារ បានចាត់ទុកថា ការបាត់បង់ លោកអនុសេនីយ៍ត្រី ហែន ភីណា គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕










