ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអភិវឌ្ឍន៍ និងពិធីប្រកាសបញ្ចូលសមាជិកថ្មីចំនួន ១៧៩រូប របស់គណបក្សប្រជាជនកម្ពុជាឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ពិធីដ៏អធិកអធមនេះ មានវត្តមានអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស, ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំទាំង៩ នៃស្រុកទឹកផុស, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ លោក លោកស្រី និងសកម្មជនគណបក្ស សរុបប្រមាណ ៣០០នាក់។
នាឱកាសនេះដែរ លោក គុយ ឡេង ប្រធានគណៈកម្មាធិការគណបក្សឃុំអភិវឌ្ឍន៍ បានលើកឡើងថា ពិធីសម្ពោធសមិទ្ធផលនានាក្នុងស្នាក់ការគណបក្សនាពេលនេះ រួមមាន៖ សាលប្រជុំថ្មីមួយខ្នងដែលមានបណ្តោយ ១៤ម៉ែត្រ, ទទឹង ៧ម៉ែត្រ មានបំពាក់សម្ភារបរិក្ខារគ្រប់គ្រាន់, ការជួសជុលអគារទីស្នាក់ការដែលមានស្រាប់បណ្តោយ ៩,៥០ម៉ែត្រ ទទឹង ៦,៥០ម៉ែត្រ, ការសាងសង់បង្គន់អនាម័យចំនួន ០១ខ្នង មាន ២បន្ទប់, ការកែលម្អទីធ្លារ, ការជួសជុលរបងជុំវិញ និងសមិទ្ធផលរូបវន្តជាច្រើនទៀត។
ជាមួយគ្នានោះដែរ លោកប្រធានគណៈកម្មាធិការគណបក្សឃុំ បានអានសេចក្ដីសម្រេចបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានសមាជិក សមាជិកាសរុបចំនួន ១៧៩រូប។ បន្ទាប់មក តំណាងសមាជិកថ្មី បានឡើងថ្លែងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្ត ក្នុងការដើរតាមគោលនយោបាយ គោរពលក្ខន្តិកៈ និងបទបញ្ញាផ្ទៃក្នុងរបស់គណបក្ស ព្រមទាំងហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុបម្រើបក្ស និងរាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ឆាយ ឫទ្ធិសែន បានអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិកជូនតំណាងសមាជិកថ្មី ដោយបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមានសមាជិកថ្មីទាំង ១៧៩រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ព្រមទាំងមានប្រសាសន៍សំណេះសំណាល ដោយបានសម្ដែងការអបអរសាទរចំពោះគណៈកម្មាធិការគណបក្សអភិវឌ្ឍន៍ ដែលទទួលបាននូវសមិទ្ធផលថ្មីៗមានសោភ័ណភាព និងផាសុកភាព។
លោកប្រធានក៏បានកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអភិវឌ្ឍន៍ទាំងអស់ ដែលបានបំពេញតួនាទី និងភារកិច្ចបានយ៉ាងល្អប្រសើរធ្វើឱ្យគណបក្សឃុំ មានភាពរីកចម្រើនប្រកបដោយមោទនភាព និងមានកម្លាំងគាំទ្ររឹងមាំ ស្រលាញ់ ជឿជាក់ ដោយបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះដ៏ត្រចះត្រចង់គ្រប់ៗអាណត្តិ។
លោកបានគូសបញ្ជាក់ថា សមិទ្ធផលលើគ្រប់វិស័យអាចកើតមាន និងពិធីដ៏មហោឡារិកនេះ អាចប្រព្រឹត្តទៅបាន ស្របពេលដែលប្រទេសជាតិទាំងមូលមានសុខសន្តិភាព ស្ថិរភាព សេរីភាព និងសុភមង្គល ព្រមទាំងមានការអភិវឌ្ឍ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន។
បន្ថែមពីនេះ លោកប្រធាន បានបន្ថែមទៀតថា ក្នុងសម័យ «តេជោ-ធិបតី» កម្ពុជានៅតែបន្តការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលឆ្លើយតបបានទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍សកលលោក បន្ដពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»។ ជាមួយគ្នានោះ លោកប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួនសម្រាប់ក្រុមការងារគណបក្ស ឱ្យយកចិត្តទុកដាក់អនុវត្តការងារគណបក្ស ដើម្បីជាមូលដ្ឋានក្នុងការពង្រឹង និងពង្រីកនូវឧត្តមភាព បង្កើនប្រជាប្រិយភាព នៃគណបក្សឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ជាថ្មីម្ដងទៀត លោកប្រធាន និងគណៈអធិបតី បានអញ្ជើញថតរូបអនុស្សារីយ៍ និងពិសាអាហារសាមគ្គី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង នៅក្នុងទីធ្លារទីស្នាក់ការគណបក្សឃុំអភិវឌ្ឍន៍៕
















