ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥,០០០នាក់


នៅព្រឹកថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៥,០០០នាក់ មកពីរោងចក្រចំនួន២០ នៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន នឹងឡើងថ្លែងសុន្ទរកថាមួយនៅចំពោះមុខប្រធានាធិបតីចិន អាមេរិក រុស្ស៊ី ក្នុងកិច្ចប្រជុំអាស៊ាន-អេប៉ិច ដែលនឹងធ្វើនៅប្រទេសវៀតណាម នៅសប្តាហ៍ក្រោយនេះ។

* សម្តេចតេជោ ហ៊ុន សែន គ្រោងបន្ថែមមួយថ្ងៃទៀត ក្នុងមួយសប្តាហ៍ ដើម្បីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ ខណៈពេលបច្ចុប្បន្នសម្តេចបានប្រើពីរថ្ងៃគឺថ្ងៃអាទិត្យ និងពុធ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ដែលបានជួយបង្កបរិយាកាសឲ្យប្រជាពលរដ្ឋ បានលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ក៏ដូចជាប្រជាពលរដ្ឋដែលបានចុះទៅលេងកម្សាន្តនៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន គ្រោងបន្ថែមមួយថ្ងៃទៀត ក្នុងមួយសប្តាហ៍ ដើម្បីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីតាមរោងចក្រ ខណៈពេលបច្ចុប្បន្នសម្តេចបានប្រើពីរថ្ងៃគឺថ្ងៃអាទិត្យ និងពុធ ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចនៅទូទាំងប្រទេស ដែលបានជួយបង្កបរិយាកាសឲ្យ ប្រជាពលរដ្ឋបានលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អកអំបុក និងសំពះព្រះខែ ក៏ដូចជាប្រជាពលរដ្ឋដែលបានចុះទៅលេង កម្សាន្តនៅតាមបណ្តាខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាពិត គឺជាប្រទេសដែលប្រជាពលរដ្ឋមានភាពសប្បាយរីករាយ មិនមែនជាកម្ពុជាលើទំព័រកាសែតដែលសរសេរថា កម្ពុជាមានវិបត្តិនយោបាយនោះទេ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមរំលែកមរណទុក្ខ និងការសោកស្តាយជាមួយរដ្ឋាភិបាលវៀតណាមផងដែរ ដែលបានរងគ្រោះដោយសារខ្យល់ព្យុះ នាពេលប៉ុន្មានថ្ងៃមកនេះ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ មិនមានការលុបចោលនោះទេ ហើយសម្តេចរំពឹងថា សម្តេចនឹងមានឱកាសដុតភ្លើងបើកការប្រកួតស៊ីហ្គេម២០២៣។

* សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា​ កត្តាដែលនាំឲ្យប្រជាពលរដ្ឋខ្មែរបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយក្នុងឱកាសប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ដោយសារតែកម្ពុជា មានសុខសន្តិភាពពេញលេញ ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធល្អប្រសើរ និងតភ្ជាប់គ្នាគ្រប់ទីកន្លែង និងមួយវិញទៀត គឺបងប្អូនប្រជាពលរដ្ឋមានជីវភាពល្អប្រសើរមានរថយន្តជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន កាន់តែច្រើន និងមធ្យោបាយដឹកជញ្ជូនក៏សម្បូរផងដែរ។ មួយវិញទៀត គឺប្រជាពលរដ្ឋមានចំណូលគ្រប់គ្រាន់សម្រាប់ការដើរលេងកម្សាន្តនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកផ្តល់សេវាទេសចរណ៍មិនត្រូវមើលរំលងអ្នកទេសចរនៅក្នុងស្រុកនោះទេ ព្រោះអ្នកទេសចរក្នុងស្រុក ក៏មានលទ្ធភាពចំណាយសម្រាប់ការដើរលេងកម្សាន្តរបស់គាត់ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកភាពកម្សត់វេទនាក្នុងអំឡុងពេលតស៊ូរំដោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកម្មករ កម្មការិនីថា ប្រសិនបើពួកគេជាសម្តេចតើពួកគេខ្លោចផ្សារចិត្តប៉ុណ្ណោះ នៅតែពេលជួបជាមួយកូន ហើយត្រូវកូនហៅថាពូនោះ។ បើទោះបីជាយ៉ាងណាសម្តេចមិនតូចិត្ត ហើយក៏មានមោទនភាព ព្រោះភាពជូរចត់ក្នុងជីវិតរបស់សម្តេច បានជួយស្រោចស្រង់ប្រទេសជាតិពីភ្លើងសង្រ្គាម ពីភាពវេទនា មករកភាពរីកចម្រើនមួយនាពេលបច្ចុប្បន្ននេះ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សាការពារនូវសមិទ្ធផលដែលកំពុងមានរួមទាំងសុខសន្តិភាពផងដែរ ដើម្បីធានានូវការរស់រៀន មានជីវិត ការរស់រៀនលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សណារស់រៀនបាន នៅក្នុងប្រទេសមានសង្រ្គាមនោះឡើយ គឺមានតែនៅក្នុងប្រទេសមានសុខសន្តិភាពតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាបន្តរក្សានូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោររពសិទ្ធិមនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បរទេស ដែលសំដៅដល់សហរដ្ឋអាមេរិកនោះ កុំធ្វើជាអ្នកស្រឡាញ់ខ្មែរ ជាងខ្មែរខ្លួនឯង ហើយមិនត្រូវភ្លេចរឿងរ៉ាវ ដែលកើតមានពីអតីតកាលនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានស្នើអាមេរិកកុំធ្វើប្រតិកម្មប្រហារដំណើរការ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតនៅកម្ពុជានាឆ្នាំ២០១៨ បើមិនដូច្នោះទេ អាមេរិកនឹងមានវិប្បដិសារីដូចពីអតីតកាលជាមិនខាន។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា មិនអាចអនុវត្តន៍លទ្ធិប្រជាធិបតេយ្យដូចអាមេរិកទេ តែកម្ពុជានៅតែបន្តដំណើរការនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលកម្ពុជាកំពុងអនុវត្តន៍នាពេលបច្ចុប្បន្ន។ សម្តេចបានប្រាប់អាមេរិកថា អាមេរិកមិនស្រឡាញ់ខ្មែរជាងសម្តេចនោះទេ សម្តេចបានប្រឹងប្រែងត្រដររស់តាំងពីប្រទេសមានប្រជាពលរដ្ឋជាង ៥លាននាក់ និងក្រខ្សត់ជាទីបំផុត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្មែរមិនអាចរស់ ព្រោះតែដើម្បីលុយ និងការបម្រើនយោបាយអាមេរិកនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករថា ទម្រាំវិវឌ្ឍន៍ខ្លួនមកដល់ស្ថានភាព និងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺមានការខិតខំខ្លាំងណាស់ ខណៈដែលវិស័យរោងចក្រកាត់ដេរបានចាប់ផ្តើមជាមួយរោងចក្រតែតិចតួចប៉ុណ្ណោះ ជាមួយប្រាក់ឈ្នួលជាង ៣៥ដុល្លារអាមេរិកតែប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមានមោទនភាពក្នុងនាមជាឆ្មបម្នាក់ក្នុងការបង្កើតនូវស្ថានភាពរបស់កម្ពុជា ដែលកំពុងមាននាពេលបច្ចុប្បន្ន ពីប្រទេសមានអត្រាភាពក្រីក្រ១០០ភាគរយ មកជាប្រទេសមានអត្រាភាពក្រីក្រត្រឹម ១៣ភាគរយនៅឆ្នាំ២០១៤។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមានមហិច្ឆតា ក្នុងការធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីដែលកម្ពុជាមានគឺមិនទាន់ស្កប់ស្កល់នៅឡើយ គឺត្រូវរួមគ្នាប្រឹងប្រែងអភិវឌ្ឍន៍ឲ្យបានល្អប្រសើរ ជាងនេះបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រឿងរំលាយគណបក្សសង្រ្គោះជាតិ សម្តេចហ៊ានភ្នាល់ថា១០០ស៊ីតែមួយប៉ុណ្ណោះ។ មានន័យថា បើមិនរំលាយទេចាក់ ១០០ស៊ីតែមួយទេ។

* សម្តេចតេជោ ហ៊ុន សែន៖ ដោយសំអាងទៅលើទិដ្ឋភាពច្បាប់ ជាពិសេសការមិនដាក់មេធាវីការពារក្តីនោះ សម្តេចតេជោ ហ៊ុន សែន មានភាពប្រាកដនិយមថា តុលាការនឹងរំលាយ CNRP នៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះទឹកដៃរបស់កម្មករ កម្មការិនី ដែលបានកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង សម្រាប់នាំចេញទៅលក់ នៅក្រៅប្រទេស។ សម្តេចតេជោ បានថ្លែងថា សម្លៀកបំពាក់កីឡារបស់សម្តេចជាងពាក់កណ្តាល គឺដេរដោយកម្មករ កម្មការិនីខ្មែរ ជាពិសេសគឺផលិតផល Adidas។

* សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មខ្លាំងៗចំពោះគំនិតផ្តួចផ្តើមរឿងធ្វើច្បាប់ស្តីពីការប្រើប្រាស់ដីធ្លីកសិកម្ម។ សម្តេចថ្លែងថា បើមិនចាំបាច់ទេ មិនបាច់ធ្វើទេ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកប្រើប្រាស់កម្មករ ចាប់តាំងពីតាមភោជនីយដ្ឋានឡើងទៅ ត្រូវទៅចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឲ្យកម្មករ កម្មការិនី ទទួលបានអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលផ្តល់ជូន។

* សម្តេចតេជោ ហ៊ុន សែន បានបន្តលើកឡើងអំពីការផ្តល់អត្ថប្រយោជន៍មួយចំនួនជូនបងប្អូនកម្មករ​ កម្មការិនីរួមមាន៖ ការតម្លើងប្រាក់ខែគោលដល់ ១៧០ដុល្លារនៅឆ្នាំ២០១៨ ការអនុញ្ញាតឲ្យចេញពីធ្វើការមុនម៉ោង ១៥នាទីសម្រាប់ស្រ្តីមានផ្ទៃពោះ, ទទួលបានប្រាក់សោធនិវត្តន៍ចាប់ពីឆ្នាំ២០១៩, ទទួលបានការជិះរថយន្តក្រុងដោយឥតគិតថ្លៃ, ចាប់ពីឆ្នាំ២០១៨ មានការឧបត្ថម្ភដល់កម្មការិនីពេលសម្រាលកូន (កូនមួយ ៤០ម៉ឺនរៀល, កូនភ្លោះពីរ ៨០ម៉ឺនរៀល និងកូនភ្លោះបី ១លាន ២០ម៉ឺនរៀល), ការទទួលបានការព្យាបាល និងពិនិត្យជំងឺនៅមន្ទីររដ្ឋដោយឥតគិតថ្លៃ និងទទួលបានសេវាគាំពារពីថៅកែរោងចក្រទាំងស្រុង…។ល។

* សម្តេចតេជោ ហ៊ុន សែន សរសើរទូរស័ព្ទ Huawei របស់ចិន មានបច្ចេកវិទ្យាដើរហួសទូរស័ព្ទ iPhone របស់អាមេរិក ដោយសារតែ Huawei មាន «Speech to text» គឺអានហើយរត់ចេញជាអក្សរ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំពាវនាវដល់កម្មករ កម្មការិនី បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចមានឱកាសបន្តដឹកនាំនាវាកម្ពុជា។ សម្តេចតេជោ បានប្តេជ្ញាប្តូរផ្តាច់ការពារសុខសន្តិភាពនៅកម្ពុជា គ្រប់កាលៈទេសៈមិនឲ្យក្រុមអាសិរពិសណាមួយមកបំផ្លាញនោះឡើយ។

* សម្តេចេជោ ហ៊ុន សែន ក៏បានប្រកាសស្វាគមន៍រាល់សមាជិករបស់គណបក្សសង្រ្គោះជាតិ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា មុនគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ដើម្បីបន្តរួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។