ព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបសួរសុខទុក្ខប្រជាពលរដ្ឋ នឹងអាជ្ញាធរសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីស្តាប់អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ជំរាបរាយការណ៍អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ ក្នុងមូលដ្ឋានពីជីវភាពរស់នៅប្រចាំថ្ងៃ មុខរបរការងាររបស់បងប្អូន សម្តេចភក្តី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ ជូនចំពោះបងប្អូន ហើយព្រមជាមួយនេះ សម្តេចភក្តី បានជំរាបជូនអំពីសភាពការណ៍ថ្មីៗ របស់ប្រទេសជាតិ និងបានផ្តែផ្តាំ សូមឲ្យអាជ្ញាធរសង្កាត់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ រួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ លើកកំពស់ជីវភាពរស់នៅការងារ និងរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនឡើង ជាពិសេសរួមគ្នាការពារ សុខសន្តិភាព របស់សង្គមជាតិយើងសព្វថ្ងៃ ដែលយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង និងពុះពាររាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនមហិមា ដើម្បីទទួលបានដូចសព្វថ្ងៃនេះ៕