ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ វីរកងទ័ពកម្ពុជា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ ដឹកនាំគណៈប្រតិភូដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ វីរកងទ័ពកម្ពុជា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង នាយរង អនុសេនាតូចទី៣ កងអនុសេនាតូចកាំភ្លើងធំ កងពលតូចលេខ៤២ នៃយោធភូមិភាគទី៤ នៅគេហដ្ឋានស្ថិតនៅភូមិគោកពួច ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បាននាំយកសាររំលែកទុក្ខ និងថវិកាដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ព្រមទាំងថវិកាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះ លោកស្រី រ៉ាត់ សារិក ត្រូវជាភរិយានៃសព ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាលជូនចំពោះក្រុមគ្រួសារទាំងអស់ផងដែរ ដោយបានផ្ដាំផ្ញើដល់គ្រួសារនៃសព កុំឱ្យមានការព្រួយបារម្ភ និងអាចផ្ដល់ព័ត៌មានឬទាក់ទងជាមួយក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅពេលជួបការលំបាកផ្សេងៗ។ បន្ទាប់មក លោករដ្ឋមន្ដ្រី និងលោកស្រី ព្រមទាំងគណៈប្រតិភូ បានអញ្ជើញធ្វើបទនមស្សការព្រះរតនត្រ័យ សមាទានសីល ព្រមទាំងបានវេរទេយ្យទានប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធសព។

សូមរំលឹកជូនថា លោកវរសេនីយ៍ត្រី ស៊ុយ គឹមយាង អាយុ ៤១ឆ្នាំ ជាវីរកងទ័ពជួរមុខឈរជើងការពារនៅសមរភូមិប្រាសាទតាមាន់ បានពលីជីវិតលើសមរភូមិប្រយុទ្ធ ដើម្បីការពារបូរណភាពទីកដីកម្ពុជា តទល់នឹងការឈ្លានពានដោយខុសច្បាប់របស់ទាហានសៀម ចូលក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

មរណភាពរបស់លោក គឺជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ក្នុងកងយោធពលខេមរភូមិន្ទ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុត បម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា រហូតអវសាននៃជីវិត៕