ឯកឧត្តម ឆាយ ឫទ្ធិសែន ប្រកាសតែងតាំង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជៀប និងប្រកាសបញ្ជូលសមាជិកថ្មី ចំនួន ២៥៦រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាឃុំជៀប


ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង លោក សោម សុដេត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជៀប និងប្រកាសបញ្ជូលសមាជិកថ្មី ចំនួន ២៥៦រូប ជាសមាជិកគណបក្សប្រជាជនកម្ពុជាឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីដ៏អធិកអធមនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកទឹកផុស, ប្រធាន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកទឹកផុស, លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សឃុំ, សាខាបក្សភូមិ, យុវជនបក្សឃុំ-ភូមិ, និងសកម្មជនគណបក្ស សរុបប្រមាណ ៣៧០នាក់។

ជាកិច្ចចាប់ផ្ដើម លោក អ៊ិន ចន្ថា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានឃុំជៀប បានឡើងអានរបាយការណ៍ស្វាគមន៍ អំពីស្ថានភាពភូមិសាស្ត្រ ស្ថិតិប្រជាពលរដ្ឋ និងការងារគណបក្សក្នុងមូលដ្ឋានឃុំជៀប ដោយបានបញ្ជាក់ជូនថា នៅក្នុងឃុំជៀប មានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំ ចំនួន១ ក្នុងនោះមានគណៈកម្មាធិការសាខាបក្ស ចំនួន ២០ សមាជិកសរុប ៤ ០៥៦នាក់ ស្រី ២ ២៩៩នាក់ គ្រួសារបក្សមានចំនួន ១ ៩២៧គ្រួសារ, ក្រុមបក្សមានចំនួន ៣២៦ក្រុម។ បន្ទាប់មក លោកបណ្ឌិត សាន វិសាល ប្រធានលេខាធិការដ្ឋានគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអានសេចក្តីសម្រេចស្តីពីការតែងតាំង លោក សោម សុដេត ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងការប្រគល់ជូនសេចក្ដីសម្រេចជូន លោក សោម សុដេត ដោយ ឯកឧត្តមប្រធាន ឆាយ ឫទ្ធិសែន។

ជាមួយគ្នានោះដែរ លោកស្រី ហែម គៀន ប្រធានគណៈកម្មាធិការគណបក្សឃុំជៀប បានអានសេចក្តីសម្រេចស្តីពីការបញ្ចូលសមាជិក សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជាដោយមានចំនួនសរុប ២៥៦រូប ស្រីចំនួន ១២៣រូប ព្រមទាំងការអញ្ជើញប្រគល់សេចក្ដីសម្រេចបញ្ចូលសមាជិកជូនតំណាងសមាជិកថ្មី ចំនួន ១១រូប ដោយ ឯកឧត្តមប្រធានគណៈអធិបតីផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងគណបក្សឃុំ ដែលបានបំពេញតួនាទីនិងភារកិច្ចយ៉ាងល្អនាពេលកន្លងមក រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ជាពិសេសការបង្កើនសមាជិកគណបក្សបានយ៉ាងច្រើន ដែលជាកម្លាំងគាំទ្រដ៏រឹងមាំបន្ថែមទៀត ដើម្បីរក្សាប្រៀបឈ្នះក្នុងការបោះឆ្នោត។

ឯកឧត្តម ក៏បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិកថ្មីទាំង ២៥៦រូប ចំពោះការសម្រេចចិត្តក៏ត្រឹមត្រូវចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះបងប្អូនសមាជិកគណបក្សនិងប្រជាពលរដ្ឋក្នុងឃុំទាំងមូល ដែលតែងតែជឿជាក់ ស្រឡាញ់ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សទទួលបាននូវជ័យជម្នះដ៏ត្រចះត្រចង់រាល់ការបោះឆ្នោតគ្រប់ៗអាណត្តិ។

ឯកឧត្តម បានមានប្រសាសន៍សំណេះសំណាលដោយបានជម្រាបជូនអង្គពិធីអំពីកត្តាចម្បងៗចំនួន ៦ ដែលជាកត្តាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំក្នុងរយៈពេល ៤៦ឆ្នាំមកនេះ រួមមាន៖ ទី១. គណបក្សមានភាពត្រឹមត្រូវខាងនយោបាយនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព, ទី២. គណបក្សផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ហ៊ានគិត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ធ្វើឱ្យប្រជាជនស្រឡាញ់ និងជឿជាក់មកលើគណបក្ស, ទី៣. គណបក្សមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំពីលើរហូតដល់ក្រោម មានសមាជិកច្រើនកុះករ និងមានរបៀបរបបធ្វើការច្បាស់លាស់ ម៉ត់ចត់, ទី៤. គណបក្សមានជួរមន្រ្តីដែលមានជំហរស្មោះត្រង់ មានសមត្ថភាព គុណធម៌ និងសីលធម៌, ទី៥. គណបក្សមានការគិតគូរយ៉ាងមត់ចត់ ល្អិតល្អន់ ក្នុងការកសាងជំនាន់ដែលត្រូវបន្តវេន និងទី៦. គណបក្សមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំឥតរង្គោះរង្គើរ។

ជាថ្មីម្ដងទៀត ឯកឧត្តម បានគូសបញ្ជាក់ជូនបន្ថែមទៀតថា សម័យ «តេជោ-ធិបតី» កម្ពុជា បាននិងកំពុងបន្ដការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលឆ្លើយតបបានទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍សកលលោក បន្ដពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០»