ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានអញ្ជើញពិនិត្យ និងដាំដើមឈើផ្កា “ជើងគោ” ជានិមិត្តរូប នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ស្ពន់-ក្រុងកំពង់ចាម ដើម្បីលើកកម្ពស់សោភ័ណភាព នៅអមសងខាងផ្លូវ ឱ្យមានទេសំភាពបៃតងស្រស់បំព្រង ។
បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជាផែនការដើមឈើផ្កា “ជើងគោ” ចំនួន ១៥.០០០ដើម ដែលនឹងដាំជាបន្តបន្ទាប់ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ (ស្ពន់-ក្រុងកំពង់ចាម) សំដៅលើកកម្ពស់សោភ័ណភាព អមសងខាងផ្លូវឱ្យមានទេសភាពបៃតងស្រស់បំព្រងឡើង និងការពារជើងទេរផ្លូវផងដែរ។
មន្ត្រីដដែលបានបញ្ជាក់ថា ដើមឈើផ្កាលម្អ ប្រភេទ ជើងគោ ចំនួន ១៥.០០០ដើម ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម សាយ សំអាល់
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តាមរយៈ ការស្នើសុំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានធ្វើពិធីដាំ កាលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅព្រំប្រទល់នៃស្រុក ព្រៃឈរ-ស្រុកជើងព្រៃ ។
ស្ថិតក្នុងពិធីដាំដើមឈើផ្កាលម្អ ប្រភេទ ជើងគោ នោះផងដែរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ធ្លាប់បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ព្រះសង្ឃបុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៧ សូមចូលរួមជាមួយរដ្ឋបាលខេត្ត ដាំនិងជួយថែទាំតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ឱ្យបានគ្រប់ៗគ្នា និងត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ ១០ម៉ែត្រក្នុង១ដើម ។







