ក្នុងឱកាសបិទវគ្គអប់រំនយោបាយជូនដល់មន្រ្តីគណបក្សក្នុងរចនាសម្ពន្ធ័គណបក្សស្រុក សៀមប៉ាងខេត្តស្ទឹងត្រែង នារសៀល ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៥នេះ ឯកឧត្តម សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានជំរុញមន្រ្តីគណបក្សត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិឱ្យបានល្អប្រសើរថែមទៀត បន្ទាប់ពីទទួលបានការរៀនសូត្រនៃវគ្គអប់រំនយោបាយ។
ឯកឧត្តម អ៊ុក ធាវី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា. វគ្គអប់រំនយោបាយជូនដល់មន្រ្តីគណបក្សក្នុងរចនាសម្ពន្ធ័គណៈកម្មាធិការគណបក្សស្រុក សៀមបូក នេះ មានគោលបំណង ដើម្បីលើកកម្ពស់សមត្ថភាព គុណធម៌ និងការទទួលខុសត្រូវរបស់មន្ត្រីគណបក្ស ជាពិសេសមន្ត្រី បន្តវេន ដែលស្ថិតក្នុងជួរមន្ត្រីដឹកនាំតាមមន្ទីរអង្គភាពក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការមហាជនរបស់គណបក្ស ដែលបានឆ្លងកាត់វត្តអប់រំនយោបាយរយៈពេលខ្លីៗរួចហើយ ដើម្បីបង្កើនលទ្ធភាពចូលរួមក្នុង ការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ ក៏ដូចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យកាន់តែបានល្អប្រសើរថែមទៀត ។
ឯកឧត្តមបានបន្តថា តាមរយៈការរៀនសូត្រ សិក្ខាកាមបានវាយតម្លៃខ្ពស់ចំពោះសារៈប្រយោជន៍នៃការអប់រំ នយោបាយ ដែលខ្លួនបានទទួលនូវពុទ្ធិថ្មីៗ បន្ថែមទៀតទាំងខាងទ្រឹស្តី ការអនុវត្តជាក់ស្តែងដែលពាក់ព័ន្ធ ខ្លឹមសារនៃមេរៀន និងរបាយការណ៍នីមួយៗ ក៏ដូចជាការលើកកម្ពស់នូវការយល់ដឹងអំពីគោលបំណង និងឧត្តមគតិរបស់គណបក្ស អំពីគោលការណ៍គោលនយោបាយសំខាន់ៗមួយចំនួន និងបទពិសោធន៍នៃការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងការយល់ដឹងអំពីសភាពការណ៍ទូទៅនិងភារកិច្ចរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ន។
វគ្គអប់រំនយោបាយរយៈពេល ២ ថ្ងៃនេះ សិក្ខាកាមបានបង្ហាញពីការយល់ដឹង បានល្អចំនួន ៦០ ភាគរយ មានការយល់ដឹងបានល្អបង្គួរ ចំនួន៣០ ភាគរយ និងមានការយល់ដឹងក្នុងកម្រិតមធ្យម ចំនួន ១០ ភាគរយ ដែលបង្ហាញពីប្រសិទ្ធភាព និងសារៈសំខាន់នៃវគ្គអប់រំនយោបាយនេះ។
ថ្លែងក្នុងពិធីបិទវគ្គអប់រំនយោបាយ ឯកឧត្តម សរ សុពុត្រា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈឃោសនាអប់រំនៃគណបក្សខេត្ត និងការចូលរួមយ៉ាងសកម្មរបស់សិក្ខាកាមទាំងអស់ ព្រមទាំងបានជំរុញឲ្យមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ យកចំណេះដឹងដែលទទួលបានពីវគ្គអប់រំនយោបាយនេះ ទៅអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស កសាងអង្គការចាត់តាំងគណបក្សឲ្យកាន់តែរឹងមាំ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរថែមទៀត។
ឯកឧត្តម សរ សុពុត្រា បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបក៏ដូចជា សមាជិក, សមាជិការបស់គណបក្សទាំងមូល សូមរួម សាមគ្គីគ្នាជាធ្លុងមួយជុំវិញការដឹកនាំរបស់គណបក្ស ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សនិង ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីបន្តវេនដឹកនាំ ការពារ កសាង និងអភិវឌ្ឍប្រទេសជាតិយើងឱ្យរីកចម្រើនជឿនលឿនទៅមុខជាដរាប៕

















