អនុប្រធានទី២ព្រឹទ្ធសភា បណ្ឌិត ធន់ វឌ្ឍនា ជួបសួរសុខទុក្ខ និងចែកអំណោយដល់វីរកងទ័ព ក្នុងខេត្តព្រះវិហារ


ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ថ្នាក់ដឹកនាំខេត្ត និងសប្បុរសជន ចុះសួរសុខទុក្ខវីរកងទ័ព ព្រមទាំងយកអំណោយជាគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ទឹកដោះចន្ទី ដំណាប់ចេក ដំណាប់ស្វាយ ទឹកសុទ្ធ អាហារកញ្ចប់ នំខែ្មរ មីជាតិ ថ្នាំពេទ្យ បារី សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ជូនវីរកងទ័ពក្នុងកងពលអន្តរាគមន៍លេខ៧ លេខ៩ និងសឹករងខេត្ត នៃខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បាននាំយកនូវពាក្យសួរសុខទុក្ខរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងបារម្ភពីសុខទុក្ខ សុវត្ថិភាព របស់បងប្អូនយើងជានិច្ច។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងគោរពកោតសរសើរដល់ស្មារតីអង់អាចក្លាហាន ហ៊ានពលីជីវិតរបស់បងប្អូនវីរកងទ័ពយើង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជាតិខ្មែរ។ ឯកឧត្តមបណ្ឌិត ក៏ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពាន បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម«បណ្ឌិត ក៏បានបញ្ជាក់ជូនដែរថា ម្អូបអាហារនេះ ជាផលិតផលក្នុងស្រុក ដែលបានសិក្សាស្រាវជា្រវ កែច្នៃនិងផលិតដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិស័យឯកជន ក្នុងគ្រាកម្ពុជាយើងជួបការលំបាក។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអាជ្ញាធរដែនដីចេះកែច្នៃចំណីអាហារចេញពីផលិតផលក្នុងមូលដ្ឋានរបស់ខ្លួន ដោយសង្ឃឹមថាផលិតផលទាំងនោះ នឹងត្រូវបានដាក់លក់យ៉ាងទូលំទូលាយនៅលើទីផ្សារ៕