សម្តេច ម៉ែន សំអន នាំយកថវិកាសម្តេចតេជោ រំលែកមរណទុក្ខ និងអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី គង់ សារឿន អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីន


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ មូលនិធិតេជោ១២៥ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធ អតីតប្រធានវីរនារីនៅអង្គភាពនារីចល័តដោះមីន នៅខេត្តស្វាយរៀង ដែលបានរៀបចំនៅក្នុងបរិវេនវត្តសំបួរ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។

គួររំលឹកថា​ លោកស្រី គង់ សារឿន បានទទួលមរណភាពកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១និង៣០នាទីយប់ ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។ មរណភាពរបស់ លោកស្រី គឺការបាត់បង់គួរឱ្យសោកស្ដាយបំផុត នូវម្ដាយក្មេក ម្ដាយបង្កើត និងជីដូន ដែលប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត ដែលពេញមួយជីវិតរបស់ លោកស្រី គង់ សារឿន បានលះបង់អស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានដល់កូនៗ និងចៅឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ និងជាការបាត់បង់នូវវីរនារីឆ្នើមមួយរូបដែលមានជំនាញក្នុងការដោះមីនដំបូងគេ នៅកម្ពុជាកាលពីជំនាន់ទសវត្សរ៍ទី៨០ និងបានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ដែលគំរូវីរភាពរបស់លោកស្រី និងចងចាំដល់កូនចៅជំនាន់ក្រោយគ្រប់រូបៗ។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំនូវសាររំលែកទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារសព និងបានបង្ហាញនូវការសោកស្តាយនូវ ការបាត់បង់ នូវធនធានមនុស្សមួយរូបផ្នែកដោះមីននាពេលនេះ និងបាននាំយកថវិការបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលបុណ្យសពផងដែរ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងជាទីបំផុតជាមួយ លោក ភោគ សំអាល់ ត្រូវជាកូនប្រុសបង្កើត ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់ លោកស្រី គង់ សារឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕