នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបចំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលបាននិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីជាប់នៅប្រទេសថៃអស់រយៈពេល ១៥៥ ថ្ងៃ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។
ជាកិច្ចចាប់ផ្ដើម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអបអរសាទរចំពោះការវិលត្រឡប់មកវិញរបស់វីរៈកងទ័ពទាំង ១៨រូប ដែលអគ្គបញ្ជាការមានការយកចិត្តទុកដាក់ និងការអបអរសាទរវីរៈកងទ័ពដែល បានមកជួបជុំជាមួយគ្រួសារ។
អគ្គមេបញ្ជាការ បានផ្ដាំផ្ញើពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មាន ព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងក្រសួងនានា ក៏ដូចជាមហាជន និងប្រជាជន ចំពោះវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលត្រូវជាប់នៅក្នុងប្រទេសថៃមិនទាន់បានដោះលែងមកវិញ ជាការព្រួយបារម្ភ ជាការយកចិត្តទុកដាក់ជាច្រើន និងរង់ចាំរហូតដល់បច្ចុប្បន្នរយៈពេល ១៥៥ថ្ងៃ ទើបត្រូវបានដោះលែងមកវិញ។
ក្នុងមតិសំណេះសំណាល នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ពីការយកព្រះទ័យទុកដាក់ពីព្រះមហាក្សត្រ ព្រឹទ្ធសភា រាជរដ្ឋាភិបាល អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងការផ្ដាំផ្ញើអំពីអ្វីជាសមិទ្ធផលដែលវីរៈកងទ័ពបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងកន្លងមកដើម្បីជាតិ ដោយត្រូវរក្សាតម្លៃនៃសីលធម៌ គុណធម៌ ជៀសវាងការអួតអាងធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដែលបានអនុវត្តកន្លងមក។
ទន្ទឹមនេះដែរ អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ៕


































