ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចែកជូនកូនឈើ ជាង ៣,៤០០,០០០ដើម ក្នុងនោះកូនត្នោតចំនួន ១,០០០,០០០ដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ដើម្បីយកទៅដាំតាមទីសាធារណៈនានា និងដាំស្តារព្រៃសហគមន៍ កូនឈើដែលបានចែកជូន ក្នុងឆ្នាំកន្លងទៅនេះ បានមកពីថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគិរី និងថ្នាលរបស់មន្ទីរបរិស្ថានរាជធានី ខេត្តទូទាំងប្រទេស។
សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ហើយក្រសួងបរិស្ថាន បានរៀបចំអនុវត្ត និងដាក់ចេញយុទ្ធនាការពន្លកបៃតង គឺបណ្តុះកូនឈើ ចែកកូនឈើ និងដាំដើមឈើយ៉ាងតិចមួយ (០១)លានដើមក្នុងមួយឆ្នាំ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានផ្តួចផ្តើម និងដឹកនាំនិងជំរុញការបណ្តុះកូនឈើ នៅតាមមន្ទីរបរិស្ថាន និងបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥ ថែមទៀតជាបន្តបន្ទាប់ នៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង។ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងឆ្នាំ២០២៥ បានបណ្តុះកូនឈើដូចតទៅ៖
*ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តត្បូងឃ្មុំ មាន៣៧២រោង និងផលិតកូនឈើបានចំនួន ១,០០០,០០០ ដើម
*ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកំពង់ស្ពឺ មាន៥៩២រោង និងផលិតកូនឈើបានចំនួន១,៣២៧,១០៤ដើម
*ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តសៀមរាប មាន៧២រោង និងផលិតកូនឈើបានចំនួន ៣៣១,៧៧៦ដើម
*ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តកោះកុង មាន៩៤រោង និងផលិតកូនឈើបានចំនួន ៨០៩,៩៧៦ដើម
*ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ខេត្តមណ្ឌលគិរី មាន៩៦រោង និងផលិតកូនឈើបានចំនួន ២២១,១៨៤ដើម
សម្រាប់ឆ្នាំ២០២៦ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់និងបង្កើនការបណ្តុះ និងចែកកូនឈើ ចំនួន ៣,០០០,០០០ ទៅ ៥,០០០,០០០ដើម។ ក្នុងពេលបច្ចុប្បន្នថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ បានចូលរួមចំណែកចលនាដាំបន្លែដើម្បីជាតិ ដោយបានចែករំលែកចំណេះដឹងក្នុងការដាំដុះកូនឈើព្រៃ កូនឈើហូបផ្លែ និងបន្លែ រួមមានស្ពៃ ត្រកូន ត្រប់ ននោង ត្រសក់ ជាដើម ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន អាចដាំដុះបន្ថែម នៅតាមសាលារៀន វត្តអារាម និងតាមមូលដ្ឋាននានា ស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយលើកកម្ពស់សន្តិសុខស្បៀងគ្រួសារ ជួយបង្កើនចំណូលសម្រាប់ជីវភាព។
សកម្មភាពនេះ គឺជាការចូលរួមចំណែកក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែដើម្បីជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹកដោយសារការឈ្លានពានទឹកដីពីសត្រូវ។ លើសពីនេះ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំងអស់ ត្រូវបានរៀបចំឱ្យមានហេដ្ឋរចនាសម្ព័ន្ធ សម្រាប់ការធានាការបណ្តុះ កូនឈើ និងការស្រោចស្រព ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូល សម្រាប់សហគមន៍មូលដ្ឋាន។
ក្នុងគម្រោងក្រសួងបរិស្ថាននឹងជំរុញការបណ្តុះកូនឈើ និងចែកកូនឈើជូនសាធារណជន យកទៅដាំតាន់រដូវវស្សា នៅតាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ នៅឆ្នាំ២០២៦ ចំនួនចាប់ពី ៥,០០០,០០០ដើម៕


































