ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភាតំណាងឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយ ជំនួយមនុស្សធម៌របស់មូលនិធិចែករំ លែ កសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ Global Life Sharing ក្នុងទំហំទឹកប្រាក់ប្រមាណជាង ពីរលាន បីសែនដុល្លារអាមរិកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ស្ថិតនៅសាលាខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ និងសូមចូលរួមរំលែកការលំ បាក ជាមួយប្រជាជនភៀសសឹកទាំងអស់ ។
ឯកឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍បន្តថា ព្រឹទ្ធសភានៃកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បាន យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ព្រឹទ្ធសភា បានកំណត់យកយន្តការចំនួនពីរ សម្រាប់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា ខណៈពេលដែលប្រទេសជាតិយើងកំពុងប្រឈ មនឹងការឈ្លានពានដែនអធិបតេយ្យពីភាគីថៃ។ យន្តការទី១ គឺត្រូវចុះជាប់ជាមួយអាជ្ញាធរ និងប្រជាជន និងយន្តការទី២ ប្រើប្រាស់យន្តការការទូតសភាយ៉ាងសកម្មនៅគ្រប់ជំនួបជាមួយមេដឹកនាំបរទេស ក៏ដូចជាវេទិកាអង្គការអន្តរជាតិនានា ស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង ហើយប្តេជ្ញាចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរជាគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំងនោះឡើយ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងអំណរគុណចំពោះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ចុងណាម ដែលបានផ្តល់នូវជំនួយមនុស្សធម៌ដែលមានដូចជា ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ យ៉ាងច្រើន តាមរយៈព្រឹទ្ធសភាកម្ពុជា ដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសនាពេលថ្មីៗនេះ អំណោយមនុស្សធម៌ទាំងអស់នោះបានជួយដល់ជនភៀសសឹកនៅតាមបណ្តារខេត្ត ដែលរងផលប៉ះពាល់ពីការវាយប្រហាររបស់ភាគីថៃ។
តាងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសគណៈកម្មការទី១០ព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ព្រមទាំងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពងស្ពឺ។
ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានប្តេជ្ញាចិត្តក្នុងការគ្រប់គ្រង និងបែងចែកអំណោយឱ្យដល់ដៃអាជ្ញាធរ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងជនភៀសសឹក ប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្ន។ អំណោយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ គឺពិតជាមានសារៈសំខាន់ ហើយត្រូវនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តកំពង់ស្ពឺ។
ឯកឧត្តម ម៉ម ប៊ុននាង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់សេវាដ៏គាប់ប្រសើរជូនប្រជាពលរដ្ឋ និងធ្វើឱ្យមូលដ្ឋានមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សំគាល់ ។
ឯកឧត្តមប្រធានគណៈប្រតិភូព្រឹទ្ធសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាព ដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព និងជនភៀសសឹក តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕





















