ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនបងប្អូនកងកម្លាំង និងបងប្អូនជនភៀសសឹក និងសួរសុខទុក្ខវីរៈយុទ្ធជនកំពុងសម្រាកព្យាបាលជម្ងឺ


នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាភ្នំ បានជួបសំណេះសំណាល និងនាំយកអំណោយរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ផ្តល់ជូនបងប្អូនកងកម្លាំង និងបងប្អូនជនភៀសសឹកចំនួន ២០១ នាក់ និងសួរសុខទុក្ខវីរៈយុទ្ធជនកំពុងសម្រាកព្យាបាលជម្ងឺ ៥រូប នៅមន្ទីរពេទ្យបង្អែកស្រុកបាភ្នំ។

សូមសម្តែងនូវសេចក្តីសោកស្តាយជាខ្លាំង និងសូមចែករំលែកនូវការលំបាកជាមួយបងប្អូនជនភៀសសឹកទាំងអស់ ដែលត្រូវបង្ខំចិត្តឃ្លាតចាកឆ្ងាយពីផ្ទះសម្បែង ភូមិឋាន និងទ្រព្យសម្បត្តិ ដើម្បីមកស្នាក់នៅបណ្តោះអាសន្នតាមទីកន្លែងនានា។ ការព្រាត់ប្រាស និងការរស់នៅឆ្ងាយពីទីលំនៅដ្ឋាន គឺជាការលះបង់ដ៏ធំធេងដែលគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។

ចំពោះបងប្អូនជាយោធិនទាំងអស់ដែលជា «របងការពារជាតិ» ដ៏រឹងមាំ ខ្ញុំសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះស្មារតីស្នេហាជាតិ និងភាពក្លាហានដែលបងប្អូនបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារមាតុភូមិ និងប្រយុទ្ធតតាំងនឹងខ្មាំងឈ្លានពាន។

គុណបំណាច់របស់បងប្អូន នឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រជាតិ និងក្នុងបេះដូងកូនខ្មែរគ្រប់ជំនាន់។ ស្មារតីតស៊ូ គឺជាគំរូដ៏ថ្លៃថ្លាសម្រាប់កូនចៅយើងបន្តវេនទៅថ្ងៃអនាគត។

ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាល សូមបញ្ជាក់យ៉ាងច្បាស់ថា «យើងមិនទុកឱ្យបងប្អូនណាម្នាក់នៅឯកោឡើយ»។ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទាំងផ្នែកស្បៀងអាហារ ថ្នាំសង្កូវ និងជម្រកស្នាក់នៅសមរម្យសម្រាប់បងប្អូនជនភៀសសឹក។
គាំទ្រដល់កងទ័ព ធានាឱ្យបាននូវការផ្គត់ផ្គង់ភស្តុភារ និងសម្ភារយោធាគ្រប់គ្រាន់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារទឹកដី។
យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាជំនួយទាំងអស់បានទៅដល់ដៃបងប្អូនទាន់ពេលវេលា និងចំគោលដៅ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាបងប្អូនកងកម្លាំងឱ្យមានសុខភាពល្អ ឈ្នះអស់មារសត្រូវគ្រប់ទិសទី និងសូមឱ្យបងប្អូនជនភៀសសឹកទាំងអស់ មានក្តីសង្ឃឹម និងមានសុវត្ថិភាព ដើម្បីបានវិលត្រឡប់ទៅជួបជុំគ្រួសារ និងភូមិឋានវិញក្នុងពេលឆាប់ៗខាងមុខនេះ។