ឯកឧត្តម សុក ផេង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនគ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារជនភៀសសឹក នៅឃុំល្វាលើ ស្រុកចំការលើ ចំនួន ៥១គ្រួសារ


ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន៥១គ្រួសារ ដែលបានមកស្នាក់នៅជាបណ្តោះអាសន្ន ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ បានលើកឡើងពីការគិតគូរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសចំពោះគ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារជនភៀសសឹក ដែលបានចាកចេញពីតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅបណ្តោះអាសន្នលើទឹកដីខេត្តកំពង់ចាម ក៏ដូចជាក្នុងស្រុកចំការលើ នាពេលនេះ។

ឯកឧត្តម បានប្រាប់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពភៀសសឹកទាំងអស់ ត្រូវមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន សម្ដេចមហាបវេរធិបតី ហ៊ុន ម៉ាណែត ដែលលោកបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាយ៉ាងច្រើនឥតគណនា ដើម្បីការពារសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាលំដាប់ ហើយបើទោះបីប្រទេសជាតិស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល មិនដែលបោះបង់ប្រជាពលរដ្ឋចោលនោះឡើយ។

ឯកឧត្តមបានបន្តថា ការចែកជូនអំណោយដល់គ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹកនាពេលនេះ អាចសម្រួលការលំបាកបានមួយរយៈពេលផងដែរ ដែលក្នុងរួមមាន គ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ ៕