ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ចែកជូនដល់គ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹក ចំនួន៤២៥គ្រួសារ ដែលបានមកស្នាក់នៅជាបណ្តោះអាសន្ន ក្នុងឃុំអូរសារាយ និងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងពីការគិតគូរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសចំពោះគ្រួសារជនភៀសសឹក ដែលបានចាកចេញពីតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅបណ្តោះអាសន្នលើទឹកដីខេត្តតាកែវ ក៏ដូចជាក្នុងស្រុកត្រាំកក់ នាពេលនេះ។
ឯកឧត្តមអភិបាលខេត្តតាកែវ បានប្រាប់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ពភៀសសឹកទាំងអស់ ត្រូវមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន សម្ដេចមហាបវេរធិបតី ហ៊ុន ម៉ាណែត ដែលលោកបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាយ៉ាងច្រើនឥតគណនា ដើម្បីការពារសន្តិភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាលំដាប់ ហើយបើទោះបីប្រទេសជាតិស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តតាកែវ មិនដែលបោះបង់ប្រជាពលរដ្ឋចោលនោះឡើយ។
ឯកឧត្តមបានបន្តថា ការចែកជូនអំណោយដល់គ្រួសារវីរៈកងទ័ពភៀសសឹក និងគ្រួសារស៊ីវិលភៀសសឹកនាពេលនេះ អាចសម្រួលការលំបាកបានមួយរយៈពេលផងដែរ ដែលក្នុងរួមមាន គ្រឿងឧបភោគបរិភោគចាំបាច់ប្រចាំថ្ងៃ និងថវិកាមួយចំនួន៕














