អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ


(ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជូនជាថ្មីឡើងវិញថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។

ឯកឧត្តម ប៉ែន បូណា បានសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយពីព្រោះបញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី។

ការចេញមកបញ្ជាក់បែបនេះរបស់ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «ការវិវត្តន៍ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ» គិតមកដល់ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ដូច្នេះ ជំហានបន្ទាប់គឺការឈានទៅវាស់វែង និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរតាមស្មារតីដែលមានចែងក្នុងចំណុចទី៣នៃសេចក្តីប្រកាសរួមដែលមានសេចក្តីថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្តែងដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចម្រុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុតចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ដែលមានជនស៊ីវិលរស់នៅ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា យោងស្មារតីនៃចំណុចទី៣នេះ កម្ពុជា តាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដាក់សំណើរទៅភាគីថៃកាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីសុំបើកកិច្ចប្រជុំពិសេសនៅក្នុងសប្តាហ៍ទី១ នៃខែមករានេះ ប៉ុន្តែ សំណើរនេះត្រូវបានភាគីថៃសុំលើកពេលក្រោមមូលហេតុរង់ចាំនីតិវិធីផ្ទៃក្នុង។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនក៏បានដាក់សំណើរជាលើកទី២ ទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករាដដែលក្នុងខេត្តសៀមរាប។ កិច្ចប្រជុំពិសេសនេះដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១- ពិភាក្សាអំពីការងារវាស់វែង និងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលយោធាថៃបាននឹងកំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។

២- បន្តចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅចន្លោះបង្គោលព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ និងនៅចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រ ឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

៣- ពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀត។

៤- បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។

ឯកឧត្តម ប៉ែន បូណា បាននគូសបញ្ជាក់ថា ក្នុងស្មារតីនេះ កម្ពុជាទាមទារឱ្យថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់​ និងច្បាប់អន្តរជាតិដើម្បីកសាងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕