ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក និងលោកជំទាវ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់អ្នកជំងឺ និងវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។
សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីលោកបាន បញ្ចប់ការអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់ជនភៀសសឹក ព្រមទាំងក្រុមគ្រួសារវីរកងទ័ព និងវីរនគរបាល នៅស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរដល់វីរកងទ័ពរបស់យើង ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។











