រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសុទ្ធសីលគុណ ចក់ សៃ សច្ចសីលោ ព្រះអនុគណស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ដឹកនាំគណៈប្រតិភូដែលជាក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកទឹកផុស នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសុទ្ធសីលគុណ ចក់ សៃ សច្ចសីលោ ព្រះសង្ឃកិច្ចកោសល ព្រះអនុគណស្រុកទឹកផុស ដែលបានសុគតនៅថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៨៖១៥នាទីព្រឹក ក្នុងព្រះជន្មាយុ ៩៥វស្សា ដោយជរាពាធ ស្ថិតនៅក្នុងទីអារាមសុវណ្ណេសនារាម ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសប្រកបដោយសេចក្តីទុក្ខក្រៀមក្រំនេះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានសម្ដែងនូវសមានទុក្ខ និងបានចូលរួមរំលែកនូវ មរណទុក្ខដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យបំផុត ចំពោះការបាត់បង់នូវព្រះមន្ត្រីសង្ឃស្រុក ដែលជាការបាត់បង់នូវឥស្សសមណសង្ឃ ពហុស្សូត និងជាសមណសត្យបុត្តដ៏ឆ្នើមមួយព្រះអង្គ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គ បានលះបង់កម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងបុព្វហេតុចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃវប្បធម៌ព្រះពុទ្ធសាសនា និងសង្គមជាតិ។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូរួមដំណើរ បានឧទ្ទិសមហាកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះគ្រូវិសុទ្ធសីលគុណ ចក់ សៃ សូមបាននិមន្តទៅកាន់សុគតិភព និងទីបំផុតនៃជាតិ សូមបាននិមន្តទៅដល់ស្ថានបរមសុខគឺព្រះនិព្វាន កុំបីឃ្លៀងឃ្លាតឡើយ៕