អ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យផលប៉ះពាល់ ផ្ទះសម្បែងប្រជាពលរដ្ឋដែលថៃព័ទ្ធយកនៅតំបន់បឹងត្រកួន


នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ជាលេីកទី២ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន កាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័ បន្លាលួស ព័ទ្ធយកដី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈ ដែលផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស ព័ទ្ធយក និងត្រូវបានយោធាថៃបំផ្លាញ៕