អភិបាលខេត្តពោធិ៍សាត់៖ «គ្រូបង្រៀន គឺជាវិស្វករនៃព្រលឹង, បើគ្រូបង្រៀនមានគុណភាព មានផ្នត់គំនិតស្រលាញ់ និងសាមគ្គីភាពជាតិរឹងមាំ នោះសិស្សដែលជាសសរទ្រូងជាតិ ក៏នឹងរឹងមាំដូចគ្នា»


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងថា គ្រូបង្រៀន គឺជាវិស្វករនៃព្រលឹងដ៏មានតម្លៃបំផុត, បើគ្រូបង្រៀនមានគុណភាព មានផ្នត់គំនិតស្រលាញ់ និងសាមគ្គីភាពជាតិខ្មែរតែមួយដ៏រឹងមាំ នោះសិស្សដែលជាសសរទ្រូងជាតិ ក៏នឹងរឹងមាំដូចគ្នា។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំ ទូទាំងស្រុកក្រគរ ចំនួន១,០៨៥នាក់ និងទូទាំងស្រុកបាកាន ចំនួន៩២៤នាក់ សរុបប្រមាណ២,០០៩នាក់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត, លោកប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីមូលដ្ឋានមួយចំនួនទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលទាំង២ទីតាំង, ឯកឧត្តម ខូយ រីដា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់បំផុត ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំទូទាំងស្រុកក្រគរ និងស្រុកបាកានទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងបង្ហាត់បង្រៀនសិស្សានុសិស្ស ឱ្យទទួលបាននូវចំណេះដឹង ជំនាញ និងសីលធម៌ដ៏ល្អប្រសើរ។

ឯកឧត្តមបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យក «ការអភិវឌ្ឍមូលធនមនុស្ស» ជាអាទិភាពខ្ពស់បំផុត ក្នុងចំណោមអាទិភាពទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ គោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺបង្កើតនូវ «សាលារៀនគំរូ» ដែលមានគុណភាពពិតប្រាកដ ដើម្បីធានាថាពលរដ្ឋកម្ពុជាម្នាក់ៗមានចំណេះដឹង និងជំនាញច្បាស់លាស់ អាចប្រកួតប្រជែងក្នុងទីផ្សារការងារ និងឈានទៅចូលរួមអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន។

ឯកឧត្តមសូមឱ្យគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំទាំងអស់ នៅទូទាំងខេត្ត ត្រូវពង្រឹង និងគិតគូរពីការរៀបចំបរិស្ថានសិក្សាឱ្យបានល្អ ព្រោះថាការរៀបចំបរិស្ថានសិក្សា គឺជាកត្តាជម្រុញដ៏សំខាន់ ដែលធ្វើឱ្យសិស្សចង់រៀន និងជួយឱ្យលោកគ្រូ អ្នកគ្រូ អាចបណ្តុះបំនិន (Skills) ដល់សិស្សបានកាន់តែប្រសើរឡើង។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកកិច្ចការការពារ បូរណភាពទឹកដី និងស្ថិរភាពតាមព្រំដែន គឺជាអាទិភាពខ្ពស់បំផុត ដើម្បីធានាសន្តិសុខជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់នូវជំហរយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែប្រកបដោយភាពវៃឆ្លាត ដើម្បីការពារបូរណភាពទឹកដីផង និងរក្សានូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាងផង។ ក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមួយរូប យើងត្រូវពួតដៃគ្នា រួបរួមជាតិ ឯកភាពជាតិ ជាកម្លាំងមហាសាល និងគាំទ្រប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិយើង។

ឯកឧត្តមបានលើកឡើងផងដែរថា ក្នុងអាណត្តិដឹកនាំរបស់ឯកឧត្តមបានរយៈពេលជាង៣ឆ្នាំមកនេះ ឯកឧត្តមបានប្តេជ្ញាចិត្តខ្ពស់ ជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថានឹងធ្វើឱ្យខេត្តពោធិ៍សាត់ប្រែមុខប្រែមាត់ជាប្រវត្តិសាស្ត្រ ។ ចំពោះការអភិវឌ្ឍខេត្តនេះទៀតសោធ មិនមែនជាភារកិច្ចផ្ទាល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវាគឺជាការរួមគ្នារវាង រដ្ឋ និងរាស្ត្រ, ដូច្នេះលោកសូមឱ្យលោកគ្រូ អ្នកគ្រូ ទួន និងបុគ្គលិកអប់រំទាំងអស់ ចូលរួមគាំទ្រដើម្បីឱ្យខេត្តពោធិ៍សាត់ មានការអភិវឌ្ឍរីកចម្រើនឈានឡើង៕