ដូចការគ្រោងទុក ព្រឹត្តិការណ៍សំណេរអង្គរ លើកទី៣នេះ បានចាប់ផ្ដើមនៅម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះ មានបេក្ខជនចូលរួមប្រកួតសរុប ១,៨៦០ អង្គ/នាក់។ ចំនួននេះកើនឡើងបើប្រៀបទៅ ការប្រកួត២លើកមុន។
គណៈកម្មការ និងអ្នករៀបចំកម្មវិធីសំណេរអង្គរ និមន្ដព្រះអង្គ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ព្រះសង្ឃនៃសមាគមពុទ្ធសាសនា ដើម្បីការអប់រំកម្ពុជា ដើម្បីអានអត្ថបទសំណេរអង្គរលើកទី៣នេះផងដែរ។
ព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមអធិបតី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន មានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, លោក លីម ប៊ុនហុក គណៈកម្មាការរៀបចំសំណេរអង្គរ និងលោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
នៅក្នុងចំណោមបេក្ខជន ១,៨៦០ អង្គ/នាក់នោះ មានវត្តមាន ព្រះសង្ឃចំនួន ២៣១អង្គ ខណៈបេក្ខជនចាស់ជាងគេមានអាយុ ៨២ឆ្នាំ និងក្មេងជាងគេមានអាយុ ៥ឆ្នាំ។ បេក្ខជនដែលបានដាក់ពាក្យប្រឡងទាំងអស់ គឺធ្វើដំណើរមកពី ២៥រាជធានី/ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។
«សំណេរអង្គរ» ត្រូវបានផ្តួចផ្តើមចេញពីគំនិត និងឆន្ទៈ របស់ក្រុមមួយមកពីស្ថាប័នឯកជន និងរដ្ឋ ដែលជាអ្នកស្រលាញ់អក្សរសាស្ត្រខ្មែរ និងក្រោមការគាំទ្រពី ក្រសួងពាក់ព័ន្ធ និង អាជ្ញាធរជាតិអប្សរា។ គោលបំណងនៃកម្មវិធីគឺ ដើម្បីអភិរក្ស លើកតម្កើងអក្សរសាស្រ្តខ្មែរ ជំរុញការសរសេរតាមអានឲ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ បង្កើនចំណេះដឹង និងជួយជំរុញសក្តានុពលទេសចរណ៍ក្នុងស្រុកផងដែរ។
ព្រឹត្តិការណ៍ «សំណេរអង្គរ» ត្រូវបានរៀបចំជាបន្តបន្ទាប់រយៈពេល ៣ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០២៤មក។ លើកទី ១មានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើជាគណៈធិបតី ឡើងអានអត្ថបទ សម្រាប់បេក្ខជនជាង៧០០នាក់ សរសេរតាមអាន។ សម្រាប់លើកទី២ ឆ្នាំ២០២៥ មានឧបនាយករដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាគណៈធិបតី ឡើងអានអត្ថបទ សម្រាប់បេក្ខជនសរសេរតាមអាន ១,២២០អង្គ/នាក់៕




















