រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បន្តចុះពិនិត្យ និងវាយតម្លៃលើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់


បន្ទាប់ពីបានចុះជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ព និងមន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បានបន្តដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃ លើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ៥៥ និងស្ពានបេឡេត៍មេទឹក លើកំណាត់ផ្លូវជាតិលេខ៥៥ចាស់ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីយោធាថៃ នាពេលកន្លងមក។

បច្ចុប្បន្ន ក្រសួងបានរៀបចំផ្លូវវាងបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយចំពោះស្ពានដែលរងការខូចខាត ក្រសួងនឹងរៀបចំផែនការស្តារឡើងវិញ។

នាឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជួសជុល និងពង្រឹងបន្ថែម ស្ពានបេឡេត៍មេទឹក និងសម្រួលផ្លូវក្បាលស្ពានឱ្យបានរឹងមាំ ដើម្បីសម្រួលចរាចរណ៍គ្រប់ប្រភេទឆ្លងកាត់៕