(ភ្នំពេញ)៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយលោក ឡាន់ ឆន លេខាធិការគណៈកម្មការ និងលោក សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បាននាំយកអំណោយរបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូ ដែលរួមមានៈ សម្លៀកបំពាក់ សាប៊ូ កាបូប ឡេ វីតាមីនកាលស្យូម និងភេសជ្ជៈយិនសិន ចែកជូនដល់មន្ត្រីនៃអគ្គលេខា ធិការដ្ឋានព្រឹទ្ធសភា ប្រមាណជាង១៩០នាក់ ស្ថិតនៅគណៈកម្មការទី១០ វិមានព្រឹទ្ធសភា។
អំណោយមនុស្សធម៌ទាំងអស់ខាងលើនេះ គឺទទួលបានពីនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ រួមជាមួយសប្បុរសជន និងអង្គការក្រៅរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលរួមមាន លោកឧកញ៉ា សុខ សីលា , មជ្ឈម ណ្ឌ ល ព្យាបាលសរសឆ្អឹងខ្នង ស្ប៉ាញ សេនធ័រ SPINE CENTER , មជ្ឈមណ្ឌល PGCT (Phnom Penh–Gyeongbuk Culture, Tourism and Trade Promotion Center), World-OKTA Phnom Penh, KB DAEHAN SPECIALIZED BANK PLC, C.K. Law Firm, One Asia Law Firm, Technology Maintenance Company (GCTMC) និង NEXTGEN LEADERS NETWORជាដើម។
សូមគូសបញ្ជាក់ថា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកដំបូងលើអនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២២ សម្រាប់រយៈពេល៥ឆ្នាំ ក្នុងទំហំទឹកប្រាក់ស្មើនឹង ១០លានដុល្លារសហរដ្ឋអាមេរិក។
បន្ទាប់ពីមើលឃើញអំពីប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការប្រើប្រាស់ និងបែងចែងអំណោយមនុស្សធម៌ នៅឆ្នាំ២០២៤ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសកលនៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈជាលើកទី២ សម្រាប់អនុវត្តរយៈពេល០៥ឆ្នាំបន្ថែមទៀត ( ២០២៥-២០២៩) ដែលមានទឹកប្រាក់កើនឡើងសរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិក ។ជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល(GLS) នៃសាធារណរដ្ឋកូរ៉េ រួមមានៈ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។
មកដល់ខែមករា ឆ្នាំ២០២៦នេះ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) បានផ្តល់ជំនួយមនុស្សធម៌មកកាន់ព្រឹទ្ធសភាកម្ពុជាបានចំនួន១៦ លើករួចហើយ។ ជំនួយមនុស្ស ធម៌លើក ទី១៦នេះ បានចូលរួមលើកកម្ពស់សុខុមាលភាពជនភៀសសឹក នៅតាមបណ្តោយ ព្រំដែនកម្ពុជា ថៃ និងប្រជាជនងាយរងគ្រោះនៅកម្ពុជា។
មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (GLS) ប្រចាំនៅកម្ពុជា មានទីតាំងនៅក្នុងមជ្ឈម ណ្ឌល PGCT ដឹកនាំដោយ ឯកឧត្តម Min Byoung Jang ជានាយកសាខា បានចូលរួមយ៉ាងសកម្ម និងអនុវត្តអនុស្សារណៈប្រកបដោយប្រសិទ្ធភាព។
គណៈកម្មការទី១០នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាគំរូដ៏សំខាន់នៃសាមគ្គីភាព និងមិត្តភាព រវាងសង្គមស៊ីវិលនៃសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដែលមានការរំពឹងថា នឹងបន្តមានការសហការ និងការគាំទ្រនាពេលអនាគតកាន់តែប្រសើរឡើងថែមទៀត៕





