(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្របាក់ឌុប និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។
បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់៕



