(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្វាយសារលិខិត ក្រាបបង្គំសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារលិខិតជូនពរ លោកជំទាវបណ្ឌិត ប្រកបទៅដោយព្រះរាជអត្ថន័យដ៏ឧត្តុង្គឧត្តម ក្នុងឱកាសចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
សារលិខិតមានខ្លឹមសារទាំងស្រុងថា៖ «ស្ថិតក្នុងវេលាដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតសម្តែង នូវសេចក្ដីថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជ្រាលជ្រៅបំផុត ពោរពេញដោយក្តីសោមនស្សរីករាយ និងមហាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបាន ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់បានសព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារជូនពរដ៏មានអត្ថន័យឧត្តុង្គឧត្តម ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ខ្ញុំម្ចាស់ នាថ្ងៃទី២២ខែមករា ឆ្នាំ២០២៦ នេះ។
ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យឧត្តុង្គឧត្ដមប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ សូមលំឱនកាយវាចាចិត្តក្រាបបង្គំទូលថ្វាយ នូវព្រះពរសព្ទសាធុការ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំពរជ័យបវរមហាប្រសើរថ្លៃថ្លាថ្វាយ សម្តេចព្រះមហាក្សត្រី សូមទ្រង់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិផងទាំងពួង ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើងរុងរឿងយូរអង្វែងសម្រាប់មាតុភូមិខ្មែរ។
ជាមួយគ្នានេះ ខ្ញុំម្ចាស់ ក៏សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ស្មោះស្ម័គ្របំផុត ថ្វាយចំពោះព្រះគុណូបការៈដ៏ប្រពៃវិសេសថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ដែលកន្លងមក ក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា សម្តេចព្រះមហាក្សត្រី តែងតែលះបង់នូវព្រះរាជកាយពល ព្រះរាជបញ្ញាញាណ ព្រមទាំងព្រះរាជទ្រព្យផ្ទាល់ព្រះកាយជាច្រើន ដើម្បីជួយដោះស្រាយនូវរាល់ទុក្ខលំបាករបស់ប្រជានុរាស្ត្រ យុវតី និងកុមារីកម្ពុជាប្រកបដោយ ព្រះរាជហឫទ័យសប្បុរសធម៌ និងមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លា។
សូម សម្ដេចព្រះមហាក្សត្រី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និងគារវភក្ដីភាពដ៏វិសេសបំផុតពីខ្ញុំម្ចាស់ និងសូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕


