(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានផ្ញើសារលិខិត សូមថ្លែងអំណរគុណដោយក្តីគោរពជូន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចំពោះសារលិខិតជូនពរប្រកបទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងថ្ងៃខួបកំណើតរបស់ លោកជំទាវបណ្ឌិត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ។
សារលិខិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានខ្លឹមសារទាំងស្រុងថា៖ «ស្ថិតក្នុងវេលាដ៏ឧត្តុង្គឧត្ដមប្រសើរថ្លៃថ្លានេះ នាងខ្ញុំ សូមសម្តែងនូវសេចក្ដីថ្លែងអំណរគុណដ៏ស្មោះ ពោរពេញដោយក្តីសោមនស្សរីករាយក្រៃលែង ជូនចំពោះ សម្តេចមហាមន្ត្រី ឧបនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ដល់រូបនាងខ្ញុំ តាមរយៈការផ្ញើសារជូនពរដ៏មានអត្ថន័យ យ៉ាងជ្រាលជ្រៅ ក្នុងឱកាសខួបចម្រើនជន្មាយុនាងខ្ញុំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ។
ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំ សូមឧទ្ទិសបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ និងឫទ្ធិបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្តេចមហាមន្តីឧបនាយករដ្ឋមន្រ្តី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ។
ជាមួយគ្នានេះ នាងខ្ញុំ សូមសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាមន្តីឧបនាយករដ្ឋមន្ត្រី ដែលតែងតែលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ខិតខំបំពេញភារកិច្ចសម្រេចបានសមិទ្ធផលជាច្រើនជូន ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការដឹកនាំក្រសួងព្រះបរមរាជវាំង។
ជាថ្មីម្ដងទៀត នាងខ្ញុំ សូមគោរពជូនពរ សម្ដេចមហាមន្ដ្រី ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕


