(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្វាយសារលិខិត ក្រាបបង្គំសម្តែងនូវអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះព្រះរាជសារលិខិតជូនពរ លោកជំទាវបណ្ឌិត ប្រកបទៅដោយព្រះរាជអត្ថន័យដ៏ឧត្តុង្គឧត្តម ក្នុងឱកាសចម្រើនជន្មាយុរបស់ លោកជំទាវបណ្ឌិត នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
សារលិខិតមានខ្លឹមសារទាំងស្រុងថា៖ «ស្ថិតក្នុងវេលាដ៏មហានក្ខត្តឫក្សថ្លៃថ្លានេះ ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រជ្រាលជ្រៅបំផុត ពោរពេញដោយក្តីសោមនស្សរីករាយ និងមហាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបានថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលទ្រង់បានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារជូនពរដ៏មានអត្ថន័យឧត្តុង្គឧត្តម ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ខ្ញុំម្ចាស់ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះ។
ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យឧត្ដុង្គឧត្តមប្រសើរថ្លៃថ្លានេះ ខ្ញុំម្ចាស់ សូមលំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយនូវព្រះពរសព្ទសាធុការ និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងគុណបុណ្យបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោះព្រំពរជ័យបវរមហាប្រសើរថ្លៃថ្លាថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួនខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រីចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិផងទាំងពួង ដើម្បីបំពេញព្រះរាជបេសកកម្មក្នុងបុព្វហេតុជាតិមាតុភូមិដ៏ឧត្តុង្គឧត្តមថ្លៃថ្លា និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើង រុងរឿងសម្រាប់ប្រជានុរាស្ត្រខ្មែរជាយូរអង្វែងតរៀងទៅ។
ជាមួយគ្នានេះ ខ្ញុំម្ចាស់ សូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ប្រកបដោយភក្តីភាពដ៏ស្មោះស្ម័គ្របំផុត ថ្វាយចំពោះព្រះគុណូបការៈមិនអាចកាត់ថ្លៃបានរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលទ្រង់តែងតែបានបូជាព្រះរាជកាយពល ព្រះរាជបញ្ញាញាណ និងលះបង់ព្រះរាជទ្រព្យផ្ទាល់ព្រះកាយជាច្រើន ក្នុងការបំពេញព្រះរាជបេសកកម្ម ជាឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជានុរាស្ត្រគ្រប់រូប ប្រកបដោយទសពិធរាជធម៌ និងព្រហ្មវិហារធម៌ដ៏ប្រពៃថ្លៃថ្លា។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និងគារវភក្ដីភាពដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំម្ចាស់ និងសូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕


