ឯកអគ្គរាជទូតកម្ពុជា និងអេហ្ស៊ីប ប្រចាំកូរ៉េ ជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី


(កូរ៉េខាងត្បូង)៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Hazem Ismail Ibrahim Zaki ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេហ្សីប ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យក្នុង ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអេហ្ស៊ីប ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ តែងតែបានជួយគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម បន្តការសិក្សា
នៅសាកលវិទ្យាល័យ Al-Azhar ប្រទេសអេហ្ស៉ីប ជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូត ក៏បានជម្រាបជូនឯកឧត្តម Hazem Ismail Ibrahim Zaki អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។