ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំឆ្នាំ លើកទី៣ រវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍


នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំឆ្នាំលើកទី៣ រវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង។

សូមជម្រាបថា កិច្ចប្រជុំសម្របសម្រួលរវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ បានរៀបចំឡើងចំនួនពីរលើករួចមកហើយ ដែលកិច្ចប្រជុំលើកទី១ បានដាក់ចេញនូវវេទិកាដែលមានរចនាសម្ព័ន្ធច្បាស់លាស់សម្រាប់តម្លាភាព និងកិច្ចសហប្រតិបត្តិការ និងកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០២៤ បានបញ្ជាក់សារជាថ្មីថាវិស័យទឹកជាអាទិភាពអភិវឌ្ឍន៍ជាតិក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងបានជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកគោលនយោបាយ បច្ចេកវិទ្យា និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំលើកនាពេលនេះ បង្ហាញពីការផ្លាស់ប្តូរពីការបង្កើនភាពជាដៃគូ ទៅកាន់ការកំណត់ទិសដៅនៃរបៀបដឹកនាំ ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងការតម្រង់ទិសឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាក្នុងវិស័យធនធានទឹក និងឧតុនិយម ក្រោមយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យជាតិរបស់កម្ពុជាសម្រាប់ឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សម្ពាធនៃការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងតម្រូវការទឹកដែលកំពុងកើនឡើងគឺទាមទារឱ្យមានអភិបាលកិច្ចទឹកតាមបែបសមាហរណកម្ម ការបន្ស៊ាំ និងការសម្របសម្រួលឱ្យកាន់តែប្រសើរជាងមុន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា យន្តការ “ទម្រង់ត្រីភាគី” ដែលបានស្នើឡើងក្នុងកិច្ចប្រជុំអាចជួយបង្រួបបង្រួមព័ត៌មាន កំណត់នូវបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យជាច្រើន និងបង្កើតឱ្យមានការឆ្លើយតបរួមគ្នា ចំពោះបញ្ហាដែលស្ថាប័ន ឬគម្រោងតែមួយមិនអាចដោះស្រាយបាន ដាច់ដោយឡែក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យបន្តកិច្ចសហការ ក្នុងការស្តារសន្តិសុខទឹក ប្រកបដោយនិរន្តរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមបណ្តាខេត្តជាប់ព្រំដែន ជាពិសេសការសាងសង់អាងស្តុកទឹកបន្ថែម និងការកែលម្អប្រព័ន្ធនានា ដើម្បីការពារជីវភាពរស់នៅ រក្សាសន្ទុះនៃការអភិវឌ្ឍ និងធានានូវការផ្គត់ផ្គង់ទឹកប្រកបដោយភាពជឿជាក់ សម្រាប់សហគមន៍ និងវិស័យផលិតកម្ម៕