ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ឯកឧត្តមប៊ុន ហុន បានថ្លែងថា អនុក្រឹត្យនេះត្រូវបានបង្កើតឡើងដើម្បីធានាដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ពោលត្រូវគ្រប់គ្រងចំពោះការស្នាក់នៅឲ្យបានច្បាស់លាស់ទាំងពលរដ្ឋខ្មែរ និងជនបរទេស ក្នុងនោះនគរបាលរដ្ឋបាលប៉ុស្ដិ៍ជាអ្នកអនុវត្តផ្ទាល់។ ប៉ុន្ដែអ្នកដែលដាក់ផែនការ និងជំរុញការអនុវត្តឲ្យបានច្បាស់លាស់ គឺគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រោះក្នុងករណីគ្រប់គ្រងមិនបានមានបទល្មើសកើតឡើង បង្កផលលំបាកក្នុងការស្វែងរកមុខសញ្ញា។
មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ក៏បានក្រើនរំលឹក និងណែនាំដល់សមត្ថកិច្ចត្រូវធ្វើវិធានការរដ្ឋបាលជាប់ជាប្រចាំ ដើម្បីធានាថា ទីតាំងទាំងឡាយដែលមានការស្នាក់នៅប្រមូលផ្ដុំ គឺជាទីតាំងដែលមានសុវត្ថិភាព មិនមែនជាទីតាំងដែលប្រព្រឹត្តបទល្មើសឡើយ។ អនុក្រឹត្យនេះក៏ស្របទៅនឹងវិធានការក្ដៅរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) និងបទល្មើសគ្រឿងញៀនផងដែរ។
ដើម្បីឲ្យការអនុវត្តអនុក្រឹត្យនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅធានាដល់សន្ដិសុខ សុវត្ថិភាព សណ្ដាប់សាធារណៈ លោក ប៊ុន ហុន បានធ្វើការណែនាំមួយចំនួនដូចខាងក្រោម៖
*ទី១៖ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ត្រូវបន្ដផ្សព្វផ្សាយអនុក្រឹត្យនេះឲ្យបានទូលំទូលាយបន្ថែមទៀត ដល់ភាគីពាក់ព័ន្ធ និងទីតាំងមានការរស់នៅប្រមូលផ្ដុំ ដើម្បីអនុវត្តតាមភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ព្រោះថាអនុក្រឹត្យនេះឧបករណ៍គតិយុត្តដ៏សំខាន់មួយសម្រាប់គាំទ្រដល់គោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព និងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការវិនិយោគ ទេសចរណ៍ និងការអនុវត្តសង្គមសេដ្ឋកិច្ចរបស់ជាតិ ក្នុងបរិបថសន្ដិសុខតំបន់ និងអន្ដរជាតិ ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
*ទី២៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវក្ដាប់ព័ត៌មានឲ្យបានច្បាស់លាស់ពីប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជនបរទេសទាំងអស់ដែលស្នាក់នៅទីតាំងប្រមូលផ្ដុំ តាមរយៈការចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំនៅតាមទីតាំងទាំងនោះ។
*ទី៣៖ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការណែនាំដល់ប្រធានអង្គភាព ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនដើម្បីផ្ដល់របាយការណ៍អំពីចំនួនអ្នកស្នាក់នៅទីតាំងប្រមូលផ្ដុំរបស់ខ្លួនឲ្យបានទៀងទាត់តាមពេលកំណត់ ព្រមទាំងរៀបចំផែនការចុះត្រួតពិនិត្យគុណភាព នៃប្រព័ន្ធការពារសន្ដិសុខ សុវត្ថិភាព នៃទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីធានាឲ្យបាននូវសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលស្នាក់នៅតាមទីតាំងនីមួយៗ។
*ទី៤៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ត្រូវសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យជនបរទេសឲ្យបានទូលំទូលាយបន្ថែមទៀត។ ធ្វើបច្ចុប្បន្នភាព និងពង្រឹងការចុះបញ្ជីស្នាក់នៅទាំងប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលស្នាក់នៅតាមទីតាំងរស់នៅប្រមូលផ្ដុំ។ លើសកម្ពស់សមត្ថភាព និងបណ្ដុះបណ្ដាលដល់មន្ដ្រីជំនាញដល់គ្រប់អង្គភាពពាក់ព័ន្ធជាប់ជាប្រចាំ ដើម្បីអាចគ្រប់គ្រងប្រើប្រាស់ប្រព័ន្ធនេះឲ្យមានប្រសិទ្ធភាព។ រៀបចំធ្វើបច្ចុប្បន្នភាពទម្រង់របាយការណ៍ជាក្រដាស និងតាមប្រព័ន្ធបច្ចេកវិទ្យាទាក់ទងការគ្រប់គ្រង ការស្នាក់នៅ និងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ដើម្បីមន្ដ្រីអនុវត្តឲ្យបានឯកភាពគ្នានៅទូទាំងប្រទេស។
*ទី៥៖ ប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំ អ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងការចូលរួមរក្សាសន្ដិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំស្របតាមបទបញ្ញត្តិអនុក្រឹត្យនេះ ជាពិសេសទាក់ទងនឹងការកត់ត្រាអ្នកស្នាក់នៅទាំងអស់ ការរាយការណ៍ការប្រែប្រួលអ្នកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ព្រមទាំងផ្ដល់កិច្ចសហការ និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តភារកិច្ច ចុះត្រួតពិនិត្យរដ្ឋបាលរបស់អាជ្ញាធរមានសមត្ថកិច្ចតាមការកំណត់។
*ទី៦៖ ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខ និងភ្នាក់ងារផ្ដល់សេវាសន្ដិសុខនៅតាមទីតាំងរស់នៅប្រមូលផ្ដុំ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការការពារសន្ដិសុខ សុវត្ថិភាពរបស់អ្នកស្នាក់នៅទីតាំងទាំងនោះ តាមរយៈការរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីជួបប្រទះបញ្ហាសន្ដិសុខណាមួយ៕






















