អគ្គនាយកអាជ្ញាធរជាតិអប្សរា និងតំណាងអង្គការយូណេស្កូថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានា លើការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ


ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានទទួលជួបលោក Flavio Bonetti តំណាងអង្គការយូណេស្កូ ដែលទើបតែងតាំងថ្មីប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោកតំណាងអង្គការយូណេស្កូថ្មី។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានតាំងចិត្តយ៉ាងមោះមុត ក្នុងការបន្តភាពជាដៃគូ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា លើការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋាន អង្គរបេតិកភណ្ឌពិភពលោក ប្រកបដោយចីរភាព៕