ជាង២០០ថ្ងៃក្រោយដំណើរចុះផ្ទាល់របស់សម្តេចមហាបវរធិបតី សមិទ្ធផលជាច្រើន​លេច​ចេញ​រូបរាង​ ដើម្បីលើកកម្ពស់ទស្សនាចរនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារ


ភ្នំខ្នងផ្សារតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បាញល្បីនាទឹកដីស្រុកឱរ៉ាល់​ខេត្ត​កំពង់​ស្ពឺ សាងភាពល្បីរន្ទឺគ្រប់ទីកន្លែងព្រោះតែសម្រស់ដងគិរីបព្វតាដ៏ស្រស់បំព្រងនោះ នៅពេលនេះត្រូវបានស្អិតស្អាងឱ្យកាន់តែទាក់ទាញថែមទៀត ជាមួយការរៀបចំហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើនដើម្បីបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរសម្រាប់​អ្នកទេសចរ​ទី​ជិត​ឆ្ងាយ​។

ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុម៣ នៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ សម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំទាបខ្ពស់ៗ វាលស្រល់ដ៏ស្រស់​ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ មានចម្ងាយប្រមាណ​១៦៥គីឡូ​ម៉ែត្រ ពីរាជធានីភ្នំពេញ ភ្នំខ្នងផ្សារជាទីឋានធម្មជាតិ ដែលបានអន្ទងដួងចិត្តអ្នកទេសចរ​ជិតឆ្ងាយឱ្យទៅលេងកម្សាន្តមិនចេះជិនណាយនោះឡើយ។

អំណាចសម្រស់ធម្មជាតិដ៏អស្ចារ្យ​នៃ​ភ្នំខ្នងផ្សារអន្ទងមិនត្រឹមតែប្រជាពលរដ្ឋទូទៅនោះទេ ប៉ុន្តែក៏បានអន្ទងលួងលោមដួងចិត្តប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱ្យលបលួចទៅគយគន់ផងដែរ។ ដំណើរលបលួចទៅកាន់ភ្នំខ្នងផ្សារ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ មិនមែនជា​ដំ​ណើរ​​ដើម្បីតែគយគន់សម្រស់ភ្នំខ្នងផ្សារនោះទេ តែក៏ជាដំណើរដើម្បីពិនិត្យពិច្ច័យកែខៃច្នៃ​ឱ្យទីឋានធម្មជាតិដ៏ពិសិដ្ឋមួយនេះ ក្លាយទៅជាកន្លែងកម្សាន្ត និងទាញយកប្រយោជន៍​សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។

ដំណើរអមដោយ​លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ហួត ហាក់ រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺផងនោះ សម្តេច​មហាបវរធិបតី បានជ្រើសយកថ្មើរជើងចាប់ពីជើងភ្នំ រហូតដល់កំពូលភ្នំ។ ការ​ជ្រើស​យកការធ្វើដំណើរដោយថ្មើរជើងចាប់ពីជើងភ្នំ ដល់កំពូលភ្នំ ដើម្បីសម្តេចពិនិត្យ​ពិច្ច័យ និងចាត់ចែងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនិងកិច្ចការមួយចំនួន ដើម្បី​សម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងការធានាបានផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

ក្រោយដំណើរទស្សនកិច្ចទៅកាន់ភ្នំខ្នងផ្សារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តកំពង់ស្ពឺ រៀបចំកែលំអហេដ្ឋា​រចនា​សម្ព័ន្ធ​រួម​មានផ្លូវ ចំណតយានយន្ត បន្ទប់ទឹក ទីស្នាក់អាស្រ័យ និងដំឡើងប្រព័ន្ធចាប់សេវា​ទូរស័ព្ទ​ជាដើម។ ជាពិសេសសម្តេចមហាបវរធិបតី បានដកហូតសិទ្ធិក្រុមហ៊ុនឯកជន ដែលមាន​បំណង​វិនិយោគនៅតំបន់នោះ ធ្វើឱ្យបាត់ប្រយោជន៍ប្រជាសហគមន៍ ហើយជំនួសដោយ​ការ​ពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចជូនប្រជាសហគមន៍វិញ ដើម្បីរួមចំណែកលើកកម្ពស់​របស់​ប្រជាសហគមន៍។

ក្រោយពីដាក់ចេញនូវផែនការដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលហើយនោះ ក្រសួង​​ទាំង៣ និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបំពេញកិច្ចការរបស់ខ្លួនរៀងៗខ្លួន ដោយមិនបង្អង់នោះឡើយ។ ៦៦ថ្ងៃក្រោយដំណើររបស់សម្តេចមហាបវរធិបតី ពោល​នៅ​ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បាន​បើក​ការដ្ឋានសាងសង់ផ្លូវ ហើយហេដ្ឋារចនាសម្ព័ន្ធនានា ក៏បានចាប់ផ្តើមសាង​សង់ជាបន្ត​បន្ទាប់​ផងដែរ។

រយៈពេលជាង២០០ថ្ងៃ មកដល់ត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ មានសមិទ្ធ​ផល​ជា​ច្រើន​​នៅទីតាំងជើងភ្នំខ្នងផ្សារ ដែលគេហៅថា ដំណាក់ដំរីនោះ បានសាងសង់រួច​រាល់​ហើយ។ សមិទ្ធផលទាំងនោះរួមមាន៖ ផ្លូវលំក្រាលគ្រួសដែលនឹង​បន្តក្រាលកៅស៊ូ​ដោយ​ក្រសួងអភិវឌ្ឍន៍ជនបទ មណ្ឌលព័ត៌​មាន​ជាមួយទីសង្គ្រោះបន្ទាន់ ផ្សារសហគមន៍ ហាង​កាហ្វេសសហគមន៍ ចំណតរថយន្ត​ក្រុង រថយន្តទេសចរណ៍ ទោចក្រយានយន្ត ប្រព័ន្ធ​ទឹក​អណ្ដូង​អនាម័យ​ដើរដោយថាមពល​ពន្លឺ​ព្រះអាទិត្យ ប្រព័ន្ធអគ្គិសនីដើរដោយថាម​ពល​ពន្លឺព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹក​ប្រុស-ស្រី បន្ទប់អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះ​ស្នាក់នៅរបស់ប្រជាសហគមន៍​ដែល​ជា​អ្នកគ្រប់គ្រងគោលដៅលម្ភៃបៃតង និងផ្លូវថ្មើរ​ជើង​ឡើងទៅទីតាំងដានព្រះអង្គ ដែល​មាន​កន្លែងដាក់សំរាម និងកន្លែងអង្គុយសម្រាកតាម​ដង​​ផ្លូ​វក្រោមម្លប់ឈើ​ដ៏ត្រឈឹង​ត្រឈៃ​។

ជាជំហានបន្តក្រសួងបរិស្ថាន នឹងចាប់ផ្តើមអភិវឌ្ឍនៅទីតាំងដានព្រះអង្គ (ចង្កេះភ្នំខ្នង ផ្សារ​) នឹងបើកការដ្ឋានគម្រោង​ដើម្បីបន្ត​កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមមាន​មណ្ឌល​ព័ត៌មានជាមួយនឹងទីសង្គ្រោះបន្ទាន់ ហាង​លក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ចំណត​រថ​យន្តទេសចរណ៍-ទោចក្រយានយន្ត អាងស្តុកទឹក អណ្តូងទឹកសម្រាប់អ្នក​ថ្មើរជើង​ប្រើ​ប្រាស់ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់​អនា​ម័យប្រុស-ស្រី-ជនពិការ និងជាពិសេស​កន្លែង​អង្គុយលម្ហែ បណ្តែតអារម្មណ៍គយ​គន់​ទេសភាព និងស្រូបខ្យល់អាកាស​ដ៏ល្អបរិសុទ្ធពី​ធម្ម​ជាតិបៃតង។

លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ទន្ទឹមនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានា​ហើយ​នោះ ក្រសួងបរិស្ថានបាននិងកំពុងអភិវឌ្ឍគោលដៅលម្ភៃបៃតងភ្នំខ្នងផ្សារ ដើម្បីលើក​កម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែ​ប្រសើរ តាមរយៈការផ្តល់សេវាកម្មជូន​ភ្ញៀវ​ទេសចរ ការអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់សម្រស់ធម្មជាតិ ការអនុវត្ត​កសិ​កម្ម​វៃឆ្លាត និងការប្រែក្លាយប្រជាសហគមន៍ឱ្យទៅជាសហគ្រិន គ្រប់គ្រងអាជីវកម្មគោល​ដៅ​លម្ហែបៃតងនៅមូលដ្ឋានរបស់ខ្លួនដោយផ្ទាល់៕