ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានរួមចំណែកការពារជាតិ និងប្រជាជន ពីសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត-ក្រុង-ស្រុក-ឃុំ ព្រះចៅអធិការវត្ត ព្រះសង្ឃ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋមូលដ្ឋានទាំងអស់ ដែលបានសហការគ្នាជាធ្នុងមួយ ចូលរួមផ្ដល់ទីជម្រក និងទំនុកបម្រុងដល់ពុកម៉ែបងប្អូនភៀសសឹក នៅទូទាំងខេត្តបន្ទាយមានជ័យ ដោយសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងស្មារតីខ្មែរតែមួយ។
ឯកឧត្តមរដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងចូលរួម សម្រេចសមិទ្ធផល ជូនប្រជាពលរដ្ឋមូលដ្ឋាន និងសង្គមជាតិ ក្នុងឆ្នាំកន្លងទៅ ហើយលោករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នឹងបន្តខិតខំដើម្បីភាពសុខសាន្តសម្រាប់ប្រជាជន និងការរីកចម្រើនសម្រាប់ខេត្តបន្ទាយមានជ័យទាំងពេលនេះ និងពេលអនាគត៕


































